(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ការឡើងថ្លៃប្រាក់បាតគឺជាហានិភ័យដល់សេដ្ឋកិច្ចរបស់ប្រទេសថៃនៅពេលនេះ ដោយសារវាកាត់បន្ថយបរិមាណនាំចេញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

សែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃខណៈថ្លែងក្នុងព្រឹត្តិការណ៍មួយរបស់ក្រសួងថា វិស័យធុរកិច្ចចាំបាច់ត្រូវការពារហានិភ័យពីអត្រាប្តូរប្រាក់បរទេស។

ប្រាក់បាតបានកើនថ្លៃប្រហែល ២,៧% ធៀបនឹងប្រាក់ដុល្លារមកទល់ពេលនេះក្នុងឆ្នាំនេះ ដែលបានក្លាយជារូបិយប័ណ្ណដំណើរការល្អបំផុតទីពីរនៅអាស៊ី។

ខណៈពេលដែលការបញ្ជាទិញទំនិញនាំចេញកំពុងធ្លាក់ចុះស្របពេលដែលតម្រូវការពិភពលោកថយចុះ លោក Arkhom បាននិយាយថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសជាង ២០លាននាក់នៅឆ្នាំនេះ។

លោកបានថ្លែងថា៖ «នោះហើយជាមូលហេតុដែលប្រជាជនមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងងើបឡើងវិញ»

ក្រសួងហិរញ្ញវត្ថុព្យាករថា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចថៃនឹងកើនឡើងក្នុងអត្រា ៣,៨% នៅឆ្នាំនេះ ពី ៣% ដែលបានព្យាករកន្លងមក។ រដ្ឋាភិបាលថៃនឹងរាយការណ៍អំពីទិន្នន័យផ្លូវការនៃផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២២ នៅថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕