(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវក្រមកិច្ចសន្យាឥណទានរួមគ្នា (Standard Loan Contract) ពោលគឺ រាល់ការខ្ចីប្រាក់ មិនថាពីស្ថាប័នណាមួយនោះទេ នឹងត្រូវប្រើប្រាស់កិច្ចសន្យាឥណទាន ដែលមានចែងនូវលក្ខខណ្ឌរួមតែមួយ សម្រាប់អតិថិជនរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថាបច្ចុប្បន្ននេះស្ថាប័នហិរញ្ញវត្ថុ កំពុងរៀប ក្រមកិច្ចសន្យាឥណទានរួមគ្នា ដោយឯកសារនេះនឹងបង្កើតជាស្តង់ដារតែមួយ ដោយមានចែងពីអត្ថន័យ និងខ្លឹមសាររួមដូចគ្នា ទាំងវិន័យ ការជូនដំណឹងនៃការបង់ផ្តាច់កម្ចី ការដកប្លង់ ឬការទំនងទំនងទៅកាន់លេខទូរសព្ទណាមួយ គឺដូចគ្នាទាំងស្រុង ដោយខុសតែអត្រាប្រាក់ ឬរយៈពេលនៃកម្ចីប៉ុណ្ណោះ។

លោកពន្យល់បន្ថែមយ៉ាងដូច្នេះថា «Standard Loan Contract យើងនឹងធ្វើជារបៀបសាមញ្ញបំផុត មានន័យថាយើងអាចធ្វើត្រឹមតែ២ទៅ៣ទំព័រ ហើយអត្ថន័យនៅក្នុងនោះ គឺដូចៗគ្នាទាំងអស់ ពោលគឺ ធនាគារ A ធនាគារ B គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ A គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ B គឺដូចគ្នាទាំងអស់ មានន័យថា នៅក្នុងកិច្ចសន្យាបើមាន២០ចំណុច គឺ២០ចំណុចដូចគ្នា ហើយន័យសេចក្តីក៏ដូចគ្នា»

លោកបានគូសបញ្ជាក់ថា ការរៀបចំនូវគោលការណ៍នេះ គឺដើម្បីបង្កភាពងាយស្រួល់ដល់អតិថិជន ឱ្យពួកគាត់ងាយយល់ពីខ្លឹមសារនៃកិច្ចសន្យាកម្ចី មុនពេលដែលគាត់ផ្តិតមេដៃខ្ចីប្រាក់។

លោកបន្តថា «ហើយងាយស្រួលទៀត ប្រសិនបើនៅក្នុងសហគមន៍គាត់ មាន៥គ្រួសារខ្ចីលុយ គឺ៥គ្រួសារនេះទទួលបានព័ត៌មានដូចៗគ្នា កុំឱ្យគ្រួសារខ្ចីធនាគារ ៥ផ្សេងគ្នា អត្ថន័យ ៥ផ្សេងគ្នា គឺធ្វើឱ្យគាត់ពិបាកយល់។ បើកាលណាមានស្តង់ដាររួម គឺ៥នាក់ហ្នឹងនិយាយភាសាដូចគ្នា ដែលនឹងជួយឱ្យគាត់យល់ដឹងកាន់តែច្បាស់អំពីលក្ខន្តិកៈនៃការខ្ចីសងពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

លោកបន្ថែម សម្រាប់ក្រមស្តង់ដាររួមនេះ នឹងអនុវត្តចំពោះឥណទានរហូតដល់៥ម៉ឺនដុល្លារ។ ដោយឡែកឥណទាន ចាប់ពី៥ម៉ឺនដុល្លារដល់ ១០ម៉ឺនដុល្លារ ស្ថាប័នទាំងនោះតម្រូវឱ្យអនុវត្តខ្លឹមសារស្តង់ដារតែមួយ (ល័ក្ខខណ្ឌ និងខចែង) សំខាន់ៗមួយចំនួន ដែលតម្រូវពីសមាគមតម្រូវឱ្យដាក់បញ្ចូល។

បើតាមលោក សុខ វឿន ក្រមកិច្ចសន្យាស្តង់ដាររួមនេះ អាចនឹងដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រសិនអ្នកខ្ចីទទួលបាននូវសេវាដូចគ្នារវាងស្ថាប័នហិរញ្ញវត្ថុនីមួយៗ នឹងបង្កភាពងាយស្រួលដល់ទាំងស្ថាប័នហិរញ្ញវត្ថុផង រួមទាំងអ្នកខ្ចីផង ដោយមិនពិបាកស្មុគ្រស្មាញច្រើន ងាយយល់ ទៅលើលក្ខខណ្ឌតម្រូវរបស់ស្ថាប័ននីមួយៗ និងងាយស្រួលធ្វើការសម្រេចចិត្ត។

លោកបន្ថែមថា «អត្ថប្រយោជន៍ផ្សេងៗទៀត ផ្តល់ការងាយស្រួល និងបើកឱកាសកាន់តែប្រសើរឡើង ដល់អ្នកខ្ចីកាន់តែមានភាពទូលាយ ដែលធ្វើឱ្យពួកគាត់ងាយទទួលបាននូវកម្ចីសម្រាប់យកទៅប្រើប្រាស់ឱ្យកាន់តែល្អមានប្រសិទ្ធភាព និងទាញប្រយោជន៍បានការខ្ចីនេះ ដោយមិនមានភាពស្មុគ្រស្មាញ ដោយសារធនាគារ និងមីក្រូហិរញ្ញវត្ថុមានឯកសារដូចៗគ្នា»

លោកបន្តថា ការអនុវត្តនូវគោលការណ៍បែបនេះ ក៏បានជួយសម្រួលដល់គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាផងដែរ នៅក្នុងការងារគ្រប់គ្រងលើវិស័យហិរញ្ញវត្ថុនេះ៕