(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចំថ្ងៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ នេះយោងតាមលទ្ធផលនៃកិច្ចប្រជុំ រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មជាមួយជំនាញការនៃអង្គការ WIPO និងជំនាញការអន្តរជាតិ នៃអង្គការ AFD កាលពេលថ្មីៗនេះ។

លោក ប៊ុន ណារិន អ្នកផលិតអំបិលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកុម្ភៈនេះថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នឹងធ្វើឱ្យផលិតផលខ្មែរមួយប្រភេទនេះ មានឈ្មោះល្បីទាំងនៅក្នុងស្រុក និងលើអន្តរជាតិ។

លោកបន្តថា នេះជាកិត្តិយសមួយរបស់ខេត្តកំពត ដែលផលិតផលមួយប្រភេទទៀត ត្រូវបានដាក់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បន្ទាប់ពីម្រេចកំពត។

លោកមានប្រសាសន៍ បន្ទាប់ពីផលិតផលនេះ ដាក់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កសិករផលិតអំបិលឱ្យទទួលបានតម្លៃបន្ថែម ព្រមទាំងជំរុញការនាំចេញអំបិលជាផ្លូវការ ទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះអំបិលកំពត កែប បាននាំចេញទៅទីផ្សារក្រៅប្រទេសហើយ ប៉ុន្តែនាំចេញក្រោមទម្រង់តូចៗ តាមរយៈនាំចេញទៅជាមួយម្រេចកំពតប៉ុណ្ណោះ។

បើតាមអ្នកផលិតអំបិលរូបនេះ ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់មានចំនួនជាង ៣៧០០ហិកតា និងក្រុមអ្នកផលិតមានចំនួន២០០ក្រុម។ ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតបង់ ដែលធ្វើឱ្យពួកគេបោះបង់ការផលិត ដោយបច្ចុប្បន្ននេះ អ្នកផលិតនៅសល់តែប្រមាណ ១៣៩ក្រុមប៉ុណ្ណោះ។

លោករំពឹងថា បន្ទាប់ផលិតផលនេះដាក់ជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត នឹងធ្វើឱ្យក្រុមអ្នកផលិតដែលបោះបង់ការផលិតទាំងនោះ វិលត្រឡប់មកធ្វើឡើងវិញ ដើម្បីបង្កើនបរិមាណផលិតបានកាន់តែច្រើន។

ដោយឡែកការផលិតអំបិលនៅឆ្នាំនេះវិញ លោកបានឱ្យដឹងផងដែរថា ការផលិតបានជួបឧបសគ្គមួយចំនួន ដោយសារតែបញ្ហាអាកាសធាតុ ដោយមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើឱ្យការប្រមូលផលត្រូវអូសបន្លាយមកដល់សប្តាហ៍ទី២ ខែកុម្ភៈនេះ។ ព្រមជាមួយគ្នា បញ្ហាកង្វះកម្លាំងពលកម្ម ក៏ជាបញ្ហាប្រឈមធំរបស់អ្នកផលិតអំបិលផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានបានទទួលជួបពិភាក្សាជាមួយលោក សុក សារ៉ង ជំនាញការជាតិ និងលោក Peter Damary ជំនាញការអន្តរជាតិ នៃអង្គការ WIPO និងលោក Jean-Marie Brun ជំនាញការអន្តរជាតិ នៃអង្គការ AFD ដើម្បីពិភាក្សាស្តីពី ការកំណត់ឈ្មោះសមាគម សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» ដោយបានកំណត់ឈ្មោះ សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប និងបានផ្តល់ធាតុចូលលើសេចក្តីព្រាងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប»។

ជាមួយគ្នានេះ បានកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីរៀបចំមហាសន្និបាតកំណើតដំបូង របស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ដើម្បីអនុម័តលើសៀវភៅលក្ខន្តិកៈសមាគម សៀវភៅបន្ទុក និងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកសមាគម និងរៀបចំឯកសារចុះបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម៕