(គូឡាឡាំពួ)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានលុបចោល ការហាមឃាត់រយៈពេលមួយឆ្នាំ លើការនាំចូលទំនិញដែលផលិត ដោយក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូ YTY Industry Holdings Sdn Bhd របស់ម៉ាឡេស៊ី ដោយលើកឡើងថា ក្រុមហ៊ុនបានដោះស្រាយករណីសង្ស័យរំលោភកម្លាំងពលកម្មរួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីខែមករា ឆ្នាំ២០២២ ទីភ្នាក់ងារគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានហាមឃាត់នាំចូលផលិតផលស្រោមដៃកៅស៊ូ របស់ក្រុមហ៊ុន YTY ដោយលើកឡើងពីភស្តុតាងសមហេតុផល ដែលបង្ហាញពីការប្រើប្រាស់ «កម្លាំងពលកម្មដោយបង្ខំ» នៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុននេះ រួមទាំងការរំលោភលើលក្ខខណ្ឌរស់នៅ និងលក្ខខណ្ឌការងារផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារ CBP ថា ក្រុមហ៊ុន YTY បានចាត់វិធានការផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងថា ក្រុមហ៊ុនបានទូទាត់ប្រាក់កម្រៃជ្រើសរើសបុគ្គលិក ដែលកម្មករចំណាកស្រុកបានបង់ជូនក្រុមហ៊ុនទៅឱ្យពួកគេវិញ និងបានធ្វើសវនកម្មសង្គមឯករាជ្យ។

ទីភ្នាក់ងារ CBP បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដូច្នេះ CBP បានកំណត់ថាស្រោមដៃកៅស៊ូវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន YTY Group លែងត្រូវបានផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំទៀតហើយ»

ក្រុមហ៊ុនម៉ាឡេស៊ីនានា រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដូង និងស្រោមដៃវេជ្ជសាស្រ្តធំៗមួយចំនួនរបស់ពិភពលោក បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ដោយសារការសង្ស័យថា មានការរំលោភបំពានលើពលករបរទេស ដែលជាផ្នែកសំខាន់នៃកម្លាំងពលកម្មផលិតកម្ម របស់ប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុន YTY បានឱ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងដំណើរការជូនដំណឹងដល់អតិថិជនអាមេរិករបស់ខ្លួន ហើយទន្ទឹងរង់ចាំការបង្កើតទំនាក់ទំនងផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីមានការលុបចោលការហាមឃាត់ការនាំចូលនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕