(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៣.៤៤លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% ដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១តោន ដែលគិតជាទឹកប្រាក់មានចំនួន ១.០៩លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះគោលដៅផ្សេងៗ ចំនួន៧រួមមាន៖ ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២សប្តាហ៍នៅប្រទេសចិន ធ្វើឲ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន និងធ្វើឲ្យការនាំចេញសរុបមានការថយចុះផងដែរ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត «ម្លិះអង្គរ» ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន។

ចំណែកការនាំស្រូវចេញចំនួន ២៥២ ៧១៤តោន ហើយបើសរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារសហរដ្ឋអាមេរិក៕