(ហាណូយ)៖ តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានធ្លាក់ចុះ ១៧.៤% នៅខែមករាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ២០៣លានដុល្លារ ខណៈតម្រូវការពិភពលោកថយចុះ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមថា បើគិតជាបរិមាណវិញ ការនាំចេញអង្ករក៏បានធ្លាក់ចុះ ២០.៩ភាគរយផងដែរមកនៅត្រឹម៤០ម៉ឺនតោន។

ក្រសួងបានឱ្យដឹងថា តម្រូវការសកលបានធ្លាក់ចុះ ដោយសារស្តុកអង្ករនៅមានកម្រិតខ្ពស់ ក្នុងប្រទេសជាច្រើន។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែមករារបស់ខ្លួនថា ពាណិជ្ជកម្មអង្ករពិភពលោកអាចធ្លាក់ចុះ ៤ភាគរយនៅឆ្នាំនេះមកត្រឹម ៥៤.៤លានតោន ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក។

សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់គោលដៅនាំចេញសម្រាប់ឆ្នាំនេះពី ៨លានតោនមក ៧.៥លានតោន ដោយបារម្ភថា វិបត្តិសកលនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម។ វៀតណាមរំពឹងថា ការនាំចេញនឹងងើបឡើងវិញនៅដំណាច់ខែមីនា ដោយសារប្រាក់បាតថៃ បន្តកើនឡើងធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យអង្កររបស់ប្រទេសថៃមានការប្រកួតប្រជែងតិច។ នេះបើយោងតាមកាសែត VN Express៕