(ភ្នំពេញ)៖ គិតមកដល់ដើមឆ្នាំ២០២៣នេះ ឥណទានមិនដំណើរការ (NPL) បានកើនដល់៣​% នៃឥណទានសរុបដែលមានចំនួន​ជាង ៥៦ពាន់លានដុល្លារ ពោលគឺមានទំហំទឹកប្រាក់ប្រមាណ ​១.៥ពាន់លានដុល្លារ។

​លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរសកម្មឆ្លើយតបទៅនឹងការផ្ដល់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» ​នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​​ថា ​មកដល់ឆ្នាំ២០២៣នេះ ឥណទានមិនដំណើរការបានកើនឡើង ០.៥%បន្ថែមទៀត ឬប្រមាណ ២៥០លានដុល្លារ ពោលគឺកាលពីឆ្នាំ២០២២ ឥណទានមិនដំណើរការ មានប្រមាណ ២.៥% ហើយមកដល់ឆ្នាំ២០២៣នេះឥណទានមិនដំណើរការ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ៣% ដែលមានទឹកប្រាក់ប្រមាណ​ ១.៥ពាន់លានដុល្លារ​នៃឥណទានសរុប​​ជាង ៥៦ពាន់លានដុល្លារ។

លោកបន្តថា ការកើនឡើងនៃឥណទានមិនដំណើរការនេះ ដោយសារវិបត្តិសកលដែលកើតឡើងផ្ទួនៗគ្នា គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាព និងអាជីវកម្ម។ ហើយវិស័យដែលជំរុញឱ្យឥណទានមិនដំណើរការនេះ កើនឡើង គឺវិស័យសេវាកម្ម សណ្ឋាគារ ដែលពួកគេបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩។

លោកបានគូសបញ្ជាក់ថាបន្ថែមថា «ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា នៅក្នុង ១.៥ពាន់លានដុល្លារនេះ មិនមែនមានន័យថា ជាឥណទានស្អុយនោះទេ ឬជាឥណទានដែលមិនអាចទារបាននោះទេ។ ឥណទានទាំងនេះ គឺឥណទានដែលអតិថិជនបង់យឺតយ៉ាវលើសពី៣០ថ្ងៃ អ្នកខ្លះយឺត ៣០ថ្ងៃ អ្នកខ្លះយឺត ៦០ថ្ងៃ អ្នកខ្លះយឺត ៩០ថ្ងៃ ឬ១៨០ ថ្ងៃឬ ៣៦០ថ្ងៃ។ ​មិនមែនមានន័យថា ក្នុងចំណោម ១.៥ពាន់លានដុល្លារនេះ ជាឥណទានស្អុយនោះទេ វាគ្រាន់តែជាប្រភេទឥណទាន ដែលអតិថិជនយឺតយ៉ាវមកបង់ ប៉ុន្តែក៏មានបាត់បង់ខ្លះផងដែរ»

​ទោះជាយ៉ាងណា​ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា កំណើនឥណទានមិនដំណើរការក្នុងទំហំ ៣​%នេះ គឺស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងមិនបានផ្តល់ផលប៉ះពាល់ដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថនោះទេ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ ២០២១ វាកើនឡើងបន្តិច ប៉ុន្តែវាមិនកើនឡើងដល់កម្រិតមួយដែលថា យើងមិនអាចគ្រប់គ្រងបានទេ ហើយបើនិយាយមែនទែន ទៅបើយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចនាពេលកន្លងមក និងបញ្ហាប្រឈមនានា ចំនួននេះទោះបីជាឡើងក៏ដោយ ប៉ុន្តែក្នុងកម្រិតមួយយើងគិតថានៅមានភាពល្អនៅឡើយ បើប្រៀបធៀបទៅនឹងស្ថានភាពប្រតិបត្តិការ ដែលយើងមានកន្លងមក ដោយសាររយៈពេលពីរឆ្នាំកន្លងមកវា ​ជាស្ថានភាពមួយមិនធម្មតា ព្រោះមានការរំខាន និងការកើតមានវិបត្តិនានា ដែលបង្កឡើងដោយ ជំងឺកូវីដ១៩ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការដំឡើងការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។ អីចឹងបើយើងមើលស្ថានភាពអស់នេះមានបញ្ហាច្រើន ដែលកើតឡើងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ»។

​លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកុម្ភៈនេះថា ឥណទានមិនដំណើរការ ក្នុងទំហំ៣% បានជះឥទ្ធិពលដល់ប្រាក់ចំណេញរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារស្ថាប័នទាំងនោះត្រូវធ្វើសមវិធានធន់ ដោយត្រូវកាត់ទុកទៅលើចំណាយកម្ចី ដែលមិនបានសងត្រឡប់មកវិញ។

ឥណទានសរុប ដែលផ្តល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានចំនួន៥៦ពាន់លានដុល្លារ ក្នុងនោះធនាគារមានចំនួនជាង ៤៦ពាន់លានដុល្លារ និងមីក្រូហិរញ្ញវត្ថុមានចំនួនជាង ១០ពាន់លានដុល្លារ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្នុងចំណោម​ឥណទានឯកជន​ចំនួនជាង ៥​៦ពាន់លានដុល្លារនេះ ក្នុងនោះ​ ២៥% ឬប្រមាណ ១៣ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យគ្រួសារ​ និង ៧៥% ឬប្រមាណ ៤០ពាន់លានដុល្លារ​ ផ្តល់ទៅក្រុមហ៊ុន​៕