(បាងកក)៖ ផ្សារភាគហ៊ុនថៃ (SET) បានឱ្យដឹងថា មូលនិធិបរទេសបានបន្តហូរចូលទៅក្នុងទីផ្សារភាគហ៊ុនអាស៊ីក្នុងខែមករា ដែលគាំទ្រដោយសារការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ និងការចំហរប្រទេសឡើងវិញរបស់ប្រទេសចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Soraphol Tulayasathien អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ផ្សារភាគហ៊ុនថៃ SET ថា ការព្រួយបារម្ភរបស់វិនិយោគិនអំពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងបានធូរស្រាលមកវិញ ដោយសារការធ្លាក់ចុះអតិផរណា ដែលអាចលើកទឹកចិត្តឱ្យធនាគារកណ្តាលបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុលឿនជាងការរំពឹងទុក។

លោក Soraphol បានមានប្រសាសន៍ថា៖ «ដោយសារការបន្តកើនឡើងវិញនៃសេដ្ឋកិច្ចថៃ គួបផ្សំនឹងការបើកព្រំដែនឡើងវិញរបស់ប្រទេសចិន មូលនិធិបានបន្តហូរចូលទៅក្នុងទីផ្សារភាគហ៊ុនអាស៊ី ជាពិសេសផ្សារហ៊ុនថៃនៅក្នុងខែមករា»

កាលពីខែមុន សន្ទស្សន៍ភាគហ៊ុននៃផ្សារហ៊ុន SET របស់ប្រទេសថៃបានកើនឡើង ០,២% ធៀបនឹងខែធ្នូដល់ ១ ៦៧១,៤៦ពិន្ទុ ដែលការកើនឡើងកើតមានស្របនឹងផ្សារហ៊ុនផ្សេងទៀតនៅក្នុងតំបន់។

ជាមួយនឹងកំណើនថ្លៃប្រាក់បាត វិនិយោគិនបរទេសកាលពីខែមុនបានក្លាយជាអ្នកទិញសុទ្ធដែលមានតម្លៃរួមគ្នាជាង ៥៨ពាន់លានបាតទាំងក្នុងទីផ្សារភាគហ៊ុន និងទីផ្សារបំណុល។

ចក្ខុវិស័យវិជ្ជមានត្រូវបានគាំទ្រដោយការកើនឡើងចំនួនភ្ញៀវទេសចរ និងភាពអាចកើនឡើងវិញនៃការនាំចេញនាពេលខាងមុខ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕