(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តផ្សព្វផ្សា​យពី​គ្រោះថ្នាក់នៃកម្ចីក្រៅផ្លូវការ ដល់ប្រជាពលរដ្ឋ និងសហការជាមួយសមត្ថកិច្ច ដើម្បីចាត់វិធានតឹងរឹងតាមផ្លូវច្បាប់ ចំពោះការសេវាឥណទានក្រៅផ្លូវការ ជាពិសេសកម្ចីដែលផ្តល់តាមរយៈអនឡាញ គ្មានច្បាប់អនុញ្ញាត ដែលជាការរួមចំណែកកាត់បន្ថយការផ្តល់ឥណទានខុសច្បាប់​ និងការធ្លាក់ចូលក្នុងបំណុល លើសលប់របស់ពលរដ្ឋ។

​​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរសកម្មឆ្លើយតបទៅនឹងការផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ​នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​បានលើកឡើងថា សមាគមនឹងចាប់ផ្តើមបញ្រ្ជាប ការយល់ដឹងទាក់ទងទៅនឹងការបញ្ជៀស ការទទួលបានឥណទាន ពីស្ថាប័នក្រៅផ្លូវការ ដល់អាជ្ញាធរ​ និងនៅតាមសហគមន៍ ដើម្បី​ឱ្យពួកគេបានយល់ដឹង និងសម្រេចចិត្តបានត្រឹមត្រូវ មុននឹងទទួលឥណទានពីស្ថាប័នណាមួយ ជៀសវាងទៅទទួលកម្ចីពីស្ថាប័នក្រៅផ្លូវការ ដែលធ្វើឱ្យប៉ះជីវភាព ​សេដ្ឋកិច្ចគ្រួសារ និងសង្គម។

លោកបានគូសបញ្ជាក់បន្តថា បច្ចុប្បន្នឥណទានក្រៅផ្លូវការ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងច្រើនដល់សង្គម ​ខណៈអត្រាការប្រាក់ឥណទានក្រៅផ្លូវការ នាពេលបច្ចុប្បន្ននេះ មានអត្រាចន្លោះពី ៣៦% ដល់១៥០% ក្នុងមួយឆ្នាំ ដែលជាអត្រាការប្រាក់ខ្ពស់ហួសហេតុ ងាយធ្វើឱ្យអ្នកខ្ចីធ្លាក់ចូលក្នុងបំណុលវ័ណ្ឌ.ក។

លោកបន្ថែមថា «បើយើងចង់ឃើញថា ការខ្ចីប្រាក់ពីស្ថាប័នផ្លូវការ និងក្រៅផ្លូវការខុសគ្នាបែបម៉េចនោះ គឺប្រសិនបើខ្ចីក្រៅផ្លូវការនៅថ្ងៃនេះ ១ពាន់ដុល្លារអត់បានសងគេ ៣ឆ្នាំក្រោយមកអាចឡើងដល់ ១ម៉ឺនដុល្លារ ព្រោះការ និងដើមគុណយកទៅរហូត។ នេះគឺជារឿងគ្រោះថ្នាក់ តែបើយើងខ្ចីពីស្ថាប័នដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រសិនបើខ្ចី ១ពាន់ អស់ច្រើនណាស់ឡើងដល់ ១៣០០ដុល្លារ នៅបីឆ្នាំក្រោយ បើយើងមិនបានសងគេសោះ។ យើងឃើញថា វិសាលភាពនៃភាពខុសគ្នាខ្លាំងមែនទែន ដែលប្រជាជនកម្ពុជា របស់យើងត្រូវតែជៀសឱ្យឆ្ងាយពីកម្ចីក្រៅផ្លូវការនេះ»

លោកបានបន្តថា «នៅក្នុងការអនុវត្តបន្តបន្ទាប់ទៀត គឺសមាគមមីក្រូហិរញ្ញវត្ថុ យើងនឹងមានរៀបចំជាបញ្ជីឈ្មោះស្ថាប័ន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិ ដែលយើងធ្វើការចែក ជូនទៅសហគមន៍នីមួយៗ ដើម្បីឱ្យពួកគាត់អាចទទួលបានព័ត៌មានច្បាស់លាស់ ថាស្ថាប័ននោះមាននៅក្នុងបញ្ជីរបស់ធនាគារជាតិដែរ ឬទេ»។

​​បើតាមលោក សុខ វឿន បច្ចុប្បន្ននេះ មិនទាន់មានទិន្នន័យច្បាស់លាស់ថា ពលរដ្ឋកម្ពុជាប៉ុន្មានភាគរយ ដែលបានជាប់កម្ចីឥណទានក្រៅផ្លូវការ នៅឡើយទេ។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា ​មានថ្លែងថា នៅក្នុងឆ្នាំ២០២៣នេះ សមាគមទាំងពីរ មានផែនការរៀបចំឱ្យមានការអប់រំបណ្តុះបណ្តាល ចំណេះដឹងទូទៅអំពីផលប៉ះពាល់នៃឥណទានក្រៅផ្លូវ និងបង្ហាញពី​ស្ថាប័នហិរញ្ញវត្ថុ​ដែលស្របច្បាប់ និងស្ថាប័ន​ដែលមិនស្របច្បាប់ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីស្ថាប័ននោះ​។

លោកបន្ថែមថា ​ផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេស​តាមរយៈអនឡាញ ទូរស័ព្ទ និងបណ្តាញសង្គមនានា ​បានបង្កផលវិបាកជាច្រើន មកលើសេដ្ឋកិច្ច និងសង្គម​ ដោយពួកគេបានការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ រួមទាំងបង្ករការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញ ហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

លោក​បានលើកឡើងថា «ការផ្តល់ឥណទានដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ វានាំឱ្យកើតមានបញ្ហាសង្គមច្រើន ដោយខាងសមាគមពិបាកក្នុងការក្តាប់ព័ត៌មាន ដែលការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល»។ ​

គួរជម្រាបថា បច្ចុប្បន្ននេះ​កម្ពុជាមានធនាគារពាណិជ្ជចំនួន៦០, ធនាគារឯកទេសចំនួន៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨២, គ្រឹះស្ថានឥណទានជនបទ ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦, អ្នកដំណើរការតតិយភាគីចំនួន៥, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ចំនួន៣៤, អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១, ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ និងអាជីវកម្មប្ដូរប្រាក់ចំនួន ២ ៨៦៩។

ចំណែកទ្រព្យសកម្មនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ មានកំណើនប្រមាណ ១៤.៥ភាគរយ ខណៈដែលទ្រព្យសកម្ម នៅក្នុងវិស័យធនាគារមានកំណើន១៣.២ភាគរយ, ឥណទាននៅក្នុងវិស័យធនាគារ មានកំណើនប្រហែលជាង២០ភាគរយ, ប្រាក់បញ្ញើរមានកំណើនក្នុងរង្វង់ ១៥ភាគរយ។ សម្រាប់វិស័យធនាគារផ្ទាល់ កំណើនឥណទានមានចំនួន ១៩ភាគរយ, គណនីឥណទានមានប្រមាណ ១.៥គណនី, ប្រាក់បញ្ញើរមានកំណើនជិត១០ភាគរយ ដែលមានគណនីប្រាក់បញ្ញើជាង១១លាននាក់៕