(ភ្នំពេញ)៖ ប្រទេសហ្វីលីពីន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង លើគុណភាពអង្កររបស់កម្ពុជា ហើយភាគីទាំងពីរក៏កំពុងចរចាតម្លៃជាមួយគ្នា ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មអង្ករ នាពេលខាងមុខនេះ។

ការបង្ហាញការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងដំណើរទស្សកិច្ចរបស់ប្រតិភូក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចស្វះស្វែងរកឱកាសធ្វើពាណិជ្ជកម្មអង្ករនេះ ដឹកនាំដោយលោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនដ្រេត ខណៈឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានដឹកនាំសមាជិកចំនួន ៨រូប ទៅចូលរួមទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីនផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចសិក្សារទីផ្សារនេះ ប្រតិភូកម្ពុជាបានជួបជាមួយលោក ALFEDO E. PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។

ភាគីប្រទេសហ្វីលីពីន មានការចាប់អារម្មណ៍ទៅលើគុណភាពអង្ករកម្ពុជាយ៉ាងខ្លាំង ដែលភាគីប្រទេសហ្វីលីពីន បានគូសបញ្ជាក់ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន គឺមានការប្រែប្រួលដោយមិនតម្រូវ ឱ្យនាំចូលតាមរយៈក្រុមហ៊ុនរដ្ឋ ដូចពីមុននោះទេ គឺវិស័យឯកជន និងឯកជនធ្វើកិច្ចសន្យាពាណិជ្ជកម្មដោយផ្ទាល់ តែម្តងទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាពរវាងភាគីទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូកម្ពុជាបានជួបជាមួយបណ្តាក្រុមហ៊ុននាំចូល សមាគមន៍រោងម៉ាស៊ីនកិនស្រូវ របស់ប្រទេសហ្វីលីពីន ដែលមានការចាប់អារម្មណ៍ លើគុណភាពអង្ករកម្ពុជា ហើយមានការពិភាក្សា និងចចារលើតម្លៃសម្រាប់ផ្គត់ផ្គង់ផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា។

គណៈប្រតិភូកម្ពុជា ក៏បានគោរពអញ្ជើញ និងបានទទួលកាអញ្ជើញដោយអ្នកនាំចូលអង្កររបស់ប្រទេសហ្វីលីពីន មកទស្សនកិច្ច សិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដោយផ្ទាល់តែម្តង ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលកម្មវិធីនេះ នឹងគ្រោងរៀបចំឡើងនៅពេលរដូវច្រូតកាត់ ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ នេះតែម្តង ដែលក្នុងកំឡុងពេលទស្សនកិច្ច សិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់តែម្តង៕