(កូឡុំបូ)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកចង់ឱ្យប្រទេសចិនផ្តល់ការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមជាមួយនឹងម្ចាស់បំណុលផ្សេងទៀត ដើម្បីជួយប្រទេសស្រីលង្កាឱ្យទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសស្រីលង្កាបានចុះកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយនឹងមូលនិធិ IMF កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវការការធានាផ្នែកហិរញ្ញប្បទានពីអ្នកផ្តល់កម្ចីទ្វេភាគីធំៗដូចជាប្រទេសចិន និងជប៉ុនមុនពេលការបញ្ចេញប្រាក់កម្ចីអាចធ្វើទៅបាន។

ប្រទេសឥណ្ឌា ដែលជាម្ចាស់បំណុលធំទីបី បានផ្តល់ជូនការធានាហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់មូលនិធិ IMF រួចហើយកាលពីខែមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា៖ «អ្វីដែលចិនបានផ្តល់មកដល់ពេលនេះមិនគ្រប់គ្រាន់ទេ។ យើងត្រូវមើលឃើញការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ថា ពួកគេនឹងបំពេញតាមស្តង់ដារ IMF ស្តីពីការបន្ធូរបន្ថយបំណុល»

លោកស្រីមានប្រសាសន៍ថា៖ «យើង (សហរដ្ឋអាមេរិក) ត្រៀមខ្លួនដើម្បីបំពេញតួនាទីរបស់យើង។ ដៃគូក្លឹបប៉ារីសរបស់យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីបំពេញតួនាទីរបស់ពួកគេ។ ឥណ្ឌាបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ប្រទេសនេះនឹងផ្តល់នូវការធានាគួរឱ្យទុកចិត្តដែល IMF កំពុងចង់បាន»

ធនាគារ Export-Import Bank of China បានផ្តល់ជូនការផ្អាកសងបំណុលរយៈពេលពីរឆ្នាំដល់ស្រីលង្កា ហើយធនាគារនេះបានឱ្យដឹងថា ខ្លួននឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូងមួយនេះដើម្បីទទួលបានកម្ចីពីមូលនិធិ IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕