(ភ្នំពេញ)៖ ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី ១៣ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ព្រមទាំងកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៣ ឱ្យស្របនឹងចក្ខុវិស័យ ក្នុងគោលបំណងបន្តបេសកកម្មចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាប្រកបដោយភាពរស់រវើក។

កិច្ចប្រជុំនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣​ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅទីស្ដីការសហគ្រិនខ្មែរ ដោយមានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល, លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន G Gear Group, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាយឌីខាប់ភីថល, លោក Michael Tan ស្ថាបនិក និងអគ្គនាយក ក្រុមហ៊ុន AQUARII SG Pte Ltd, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស. និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ។

នៅក្នុងបរិការណ៍នៃការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតសាកល វិស័យឯកជននៅតែជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់សង្គមសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននៅតែបន្តយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេស ជាពិសេសប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមរយៈគំនិតផ្តួចផ្តើមគាំទ្របែបគោលនយោបាយជាច្រើន ដែលស្របទៅនឹងទិសដៅនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

យ៉ាងណាមិញ ទោះបីជាមានការផ្តល់ការគាំទ្រតាមរយៈកម្មវិធីនានា និងបទប្បញ្ញត្តិផ្សេងៗគួរឱ្យកត់សម្គាល់ក៏ដោយ, សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសបង្កើតថ្មីនៅកម្ពុជា ក៏នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា៖ កង្វះប្រភពទុនវិនិយោគ និងឥណទាន, កង្វះសហគ្រិនភាព និងសមត្ថភាពគ្រប់គ្រង, និងកង្វះប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសម្របសម្រួលស្ថាប័ន។ល។ ដែលជាកត្តាជំរុញឱ្យមានការបង្កើនកម្មវិធីគាំទ្របន្ថែមទៀត ដើម្បីជួយជំរុញដល់ការរីកចម្រើនរបស់សហគ្រាសបង្កើតថ្មី និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល​បានពិភាក្សាលើកម្មវិធីរបស់លេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរ និងបានផ្ដល់គោលការណ៍ណែនាំបន្ថែមមួយចំនួនដល់ក្រុមការងារ ក្នុងការបន្តអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួន មានជាអាទិ៍៖ ១) អនុវត្តកម្មវិធីកសាងបណ្តាញធុរកិច្ចដោយផ្តោតលើការបង្កើតគុណតម្លៃបន្ថែម និងលទ្ធផលនៅក្នុងវិស័យអាទិភាព, ២) កសាងកម្មវិធីគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ៣) ផ្តល់កញ្ចប់ជំនួយ (Grants) ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល។

ទន្ទឹមនឹងនេះ​ សហគ្រិនខ្មែរ គួរពង្រីកវិសាលភាពកម្មវិធីក្នុងការជួយគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ (Informal Sector) និងបង្កើនការភ្ជាប់បណ្តាញទំនាក់ទំនងទៅកាន់ខ្សែច្រវាក់តម្លៃសកល ដើម្បីឱ្យធុរកិច្ចដែលមានសក្តានុពលអាចមានលទ្ធភាពពង្រីកទីផ្សារ។ អង្គប្រជុំក៏បានធ្វើការណែនាំឱ្យលេខាធិការដ្ឋាន ម.អ.ស. ចាប់ផ្តើមសិក្សាក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលមធ្យម ២០២៤-២០២៦ ដើម្បីបន្តគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាបន្ថែមទៀត​៕