(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ តាមប្រព័ន្ធអនឡាញ (ZOOM) លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានលើកឡើងថា «ការប្រកាន់ខ្ជាប់នូវវប្បធម៌គណនេយ្យបានត្រឹមត្រូវ នឹងជួយឱ្យវប្បធម៌ពន្ធកាន់តែត្រចះត្រចង់»

សិក្ខាសាលាត្រូវបានធ្វើឡើងនៅទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងវត្តមានរបស់តំណាងសហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ប្រមាណសរុបចំនួន ៥៥០នាក់។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ដល់នាយកក្រុមហ៊ុន សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងអ្នកដែលមានការទទួលខុសត្រូវលើកិច្ចការងារគណនេយ្យរបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។

លោក ប៊ូ ថារិន បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់តំណាងសហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងមូល ព្រមទាំងបានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានលើកឡើងអំពីតួនាទីរបស់គណនេយ្យនៅក្នុងសេដ្ឋកិច្ច អត្ថប្រយោជន៍ដែលទទួលបានពីការអនុវត្តកាតព្វកិច្ច គណនេយ្យនិង
សវនកម្មចំពោះ សហគ្រាស និងអង្គភាពមិនស្វែងប្រាក់ចំណេញ និងសម្រាប់រាជរដ្ឋាភិបាល នៅក្នុងបរិបទនៃចំណូលសារពើពន្ធ។ លោកអគ្គនាយក បានគូសបញ្ជាក់ ថាវេទិកាបែបនេះត្រូវបានរៀបចំឡើងជាច្រើនលើកនៅក្នុង រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ស្របតាមផែនការនិងការណែនាំ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែទូលំទូលាយនិង ច្បាស់លាស់ អំពីច្បាប់និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងស្តង់ដាបច្ចេកទេស ជូនដល់ម្ចាស់សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងសាធារណៈជន។

លោក ប៊ូ ថារិន បានបន្ថែមថាអនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្មនិង កាតព្វកិច្ចជាសារវន្តចំនួន៣ បានបង្កើតឡើងសម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាអាទិ៍៖

* ១៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ
* ២៖ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និង
* ៣៖ ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯក រាជ្យស្របតាមលក្ខខណ្ឌកំណត់។

អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវកម្ម កាតព្វកិច្ចជាសារវត្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាអាទិ៍៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់។

ក្នុងឱកាសនេះ លោក ប៊ូ ថារិន បានធ្វើការកត់សម្គាល់អំពីការវិវត្តន៍របស់ស្ថាប័ន នាឆ្នាំ២០២១ គឺការកែប្រែពីក្រុមប្រឹក្សាជាតិគណនេយ្យ បានក្លាយជា និយ័តករគណនេយ្យនិងសវនកម្ម ស្របតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ និយ័តករគណនេយ្យនិងសវនកម្ម ត្រូវបន្តអនុវត្តមុខងារ ភារកិច្ចបន្តពីក្រុមប្រឹក្សាជាតិគណនេយ្យនិងត្រូវស្ថិតក្រោមអាណាព្យាបាលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

លោកអគ្គនាយក បានថ្លែងសារសំខាន់ចំនួន៣ ជូនអង្គវេទិកា រួមមាន៖

១៖ «ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ គឺជាកាតព្វកិច្ចរបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលកំណត់ដោយ ច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម។ ប៉ុន្តែគោលបំណងនិយ័តករគណនេយ្យ និងសវនកម្ម ចង់ឱ្យសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ ចំណេញបង្វែរ កាតព្វកិច្ចទាំងនេះទៅជាវប្បធម៌វិញ គឺ វប្បធម៌កាន់បញ្ជីគណនេយ្យ វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់់ដាជាធរមាន និងដាក់របាយការណ៍ ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ដែលហៅជារួមថា «វប្បធម៌ គណនេយ្យ»

២៖ ការប្រកាន់ខ្ជាប់នូវ «វប្បធម៌គណនេយ្យបានត្រឹមត្រូវ នឹងជួយឱ្យវប្បធម៌ពន្ធកាន់តែត្រចះត្រចង់»

៣៖ «ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ នឹងផ្តល់នូវគុណប្រយោជន៍សម្រាប់ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញផង និងជួយរួមចំណែកជំរុញកំណើនចំណូលមិនមែនសារពើពន្ធ ផងដែរ»

លោក ប៊ូ ថារិន បានគូសបញ្ជាក់ផងដែរថា ការដាក់ទោសទណ្ឌ ឬពិន័យ ដល់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ មិនមែនជាបំណងប្រាថ្នាចម្បង របស់និយ័តករគណនេយ្យនិងសវនកម្មនោះទេ។ គោលបំណងរបស់និយ័តករ គឺចង់ឱ្យសហគ្រាស និង អង្គភាពមិនស្វែងរកប្រាក់ចំណេញប្រកាន់ខ្ជាប់នូវ «វប្បធម៌គណនេយ្យ»

ក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក៏បានជម្រាបជូនថា វត្តមាននៃច្បាប់និងលិខិតបទដ្ឋានទាំងនេះ ព្រមទាំងវិធាននានា ដែលមានកំណត់នៅក្នុងច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្ម ដោយបង្កើតនូវកាតព្វកិច្ចនានា មិនមែនជាការដាក់កំហិតព្រំដែននៃសិទ្ធិក្នុងការប្រកបរបរទទួលទាន ការ វិនិយោគ និងធុរកិច្ច ឬជាឧបករណ៍គំនៀបរបស់រដ្ឋភិបាលចំពោះធុរជននិងវិនិយោគិននោះទេ ប៉ុន្តែផ្ទុយទៅវិញច្បាប់និងលិខិតបទដ្ឋានទាំងនោះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យឯកជន សេដ្ឋកិច្ច និងរាជរដ្ឋាភិបាលទៅវិញទេដែលមានជាអាទិ៍ ៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការទទួលបានមូលធន និងធ្វើវិភាជន៍មូលធនប្រកបដោយប្រសិទ្ធភាព (ទីផ្សារហ៊ុន ធនាគារ និងពីម្ចាស់ហ៊ុន), បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមហ៊ុន និងបង្កើនជំនឿទុកចិត្តរបស់ម្ចាស់ហ៊ុនលើការគ្រប់គ្រង, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធដារ, ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ ធានាចីរភាពកំណើនសេដ្ឋកិច្ចនិងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន, រួមចំណែកជម្រុញឱ្យ ទីផ្សារមូលបត្រមានភាពរឹងមាំ និងចីរភាពការពារសាធារណៈជន, បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ជាដើម។

លោក ប៊ូ ថារិន បានស្នើឱ្យសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងអាចលើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងន័យស្ថាបនា ជូនទៅវាគ្មិនដើម្បីឆ្លើយតប និងបំភ្លឺជូនតាមការចាំបាច់ និងសូមអំពាវនាវដ៏ទទូចដល់ម្ចាស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលបានចូលរួមសិក្ខាសាលានេះ យកចិត្តទុកដាក់យកកាតព្វកិច្ចគណនេយ្យនិងសវនកម្មដែល កំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ និយ័តករគណនេយ្យនិងសវនកម្ម ក៏ដូចជា រាជរដ្ឋាភិបាល មិនចង់អនុវត្តទោសទណ្ឌលើ សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះទេ៕