(ភ្នំពេញ)៖ អឺរ៉ុបគឺជាទីផ្សារធំមួយក្នុងចំណាមទីផ្សារធំៗផ្សេងទៀត ដែលមានចំណែក១៨% ស្មើនឹងទឹកប្រាក់ ៤ ០៤៥លានដុល្លារ ខណៈទីផ្សារធំៗផ្សេងទៀត គឺអាមេរិកក្រោមយក ៤០% ទឹកប្រាក់ ៨ ៩៦៩លានដុល្លារ និងអាស៊ាន ១៥% ទឹកប្រាក់ ៣ ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២២។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងជិត៣០ប្រទេស មានតែប្រទេសអាល្លឺម៉ង់ ដែលស្រូបយកផលិតផលកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ ១ ០៨៣លានដុល្លារ នៅឆ្នាំ២០២២ កើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានជាង ៨៨០លានដុល្លារប៉ុណ្ណោះ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា កំណើននេះកើនឡើងដោយសារប្រទេសមានសេដ្ឋកិច្ចធំទី១ ក្នុងចំណោមសហភាពអឺរ៉ុបមួយនេះ មានកម្លាំងបញ្ជាទិញធំ ដូច្នេះទំនិញដែលនាំចូលពីកម្ពុជាទៅកាន់អាល្លឺម៉ង់ មានចំណែកធំបើធៀបនឹងបណ្ដាប្រទេសផ្សេងៗ ក្នុងទីផ្សារអឺរ៉ុប។

លោកបានបន្ដថា «នេះជាតួលេខវិជ្ជមាន ជាមួយក្ដីរំពឹងថា កំណើននេះនឹងបន្ដកើនឡើង បើសេដ្ឋកិច្ចអាល្លឺម៉ង់នៅបន្ដរីកលូតលាស់ទៅមុខ»

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ចំណែកដ៏ធំនៃផលិតផល ក្នុងការជំរុញកំណើននាំចេញ គឺសម្លៀកបំពាក់, ស្បែកជើង,​ កង់, កាបូបធ្វើដំណើរ, អង្ករ និងគ្រឿងបន្លាសរថយន្ដ។ កម្ពុជាមានសុដ្ឋិនិយម ក្នុងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-អាឡឺម៉ង ឲ្យកាន់តែខ្ពស់ លើការវិនិយោគ, ការនាំចេញ, ការស្នើសុំឲ្យមានពិធិកម្ម លើទំនិញនាំចេញឲ្យកាន់តែច្រើន»