(ហាណូយ)៖ យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា ចំនួនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមដែលក្ស័យធនបានកើនឡើង ៣៨,៧% កាលពីឆ្នាំ២០២២ ដោយសារលំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ និងថ្លៃវត្ថុធាតុដើមខ្ពស់។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

កាសែត VN Express International បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រសួងសំណង់វៀតណាមថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានការពិបាកក្នុងការទទួលបានប្រាក់កម្ចី ការបោះផ្សាយមូលបត្របំណុលសាជីវកម្ម និងការប្រមូលមូលធនពីអតិថិជន។ ក្រសួងបានបន្ថែមថា កង្វះដើមទុនបានបង្ខំឱ្យក្រុមហ៊ុនជាច្រើនពន្យារពេល ឬផ្អាកការអនុវត្តគម្រោងជាច្រើន។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនត្រូវកាត់បន្ថយផលិតកម្ម និងធនធានមនុស្ស ដោយក្រុមហ៊ុនខ្លះថែមទាំងកាត់បន្ថយបុគ្គលិករបស់ពួកគេពាក់កណ្តាលទៀតផង។ ក្រុមហ៊ុននានាក៏ត្រូវលុបចោល ឬពន្យារពេលការវិនិយោគ ឬការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) ផងដែរ។

កាសែត VN Express International បានរាយការណ៍ទៀតថា ក្រុមហ៊ុនមួយចំនួនក៏ប្រឈមនឹងអត្រាការប្រាក់កម្ចីខ្ពស់ ការប្រែប្រួលអត្រាប្តូរប្រាក់បរទេស និងតម្លៃប្រេងសាំង ប្រេង និងសម្ភារៈសំណង់កាន់តែខ្ពស់ផងដែរ។

ទោះជាយ៉ាងណា សហគ្រាសអចលនទ្រព្យចំនួន ៨ ៥៩៣ ក៏ត្រូវបានបង្កើតឡើងផងដែរកាលពីឆ្នាំមុន កើនឡើង ១៣,៧% ធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអចលនទ្រព្យចំនួន ២ ០៨២ ដែលបានផ្អាកប្រតិបត្តិការកាលពីឆ្នាំ២០២១ បានបើកដំណើរការឡើងវិញនៅឆ្នាំ២០២២។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលវៀតណាមធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ និងអ្នកទិញអចលនទ្រព្យ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជំរុញការអភិវឌ្ឍគម្រោងអចលនទ្រព្យ រៀបចំរចនាសម្ព័ន្ធទីផ្សារអចលនទ្រព្យឡើងវិញ ដោះស្រាយបញ្ហាបំណុលអាក្រក់ និងបញ្ហាមូលបត្របំណុលសាជីវកម្មដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពុងប្រឈមមុខផងដែរ ខណៈដែលបន្តអភិវឌ្ឍលំនៅឋានសង្គម និងអាផាតមិនសម្រាប់បុគ្គលិកកម្មករ។ នេះបើយោងតាមកាសែត VN Express International៕