(សិង្ហបុរី)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងចក្ខុវិស័យកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដោយការចំណាយរបស់សហរដ្ឋអាមេរិក និងការបើកចំហរប្រទេសឡើងវិញរបស់ចិននឹងគាំទ្រដល់តម្រូវការប្រើប្រាស់ប្រឆាំងនឹងហានិភ័យនានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាសស្តីពីចក្ខុវិស័យវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២,៩% នៅឆ្នាំ២០២៣ ពោលគឺកើនឡើង ០,២ពិន្ទុភាគរយធៀបនឹងការព្យាករក្នុងខែតុលា។ បើទោះបីអត្រានេះទាបជាងកំណើន ៣,៤% ក្នុងឆ្នាំ២០២២ ក្តី ក៏មូលនិធិ IMF បានឱ្យដឹងថា ខ្លួនរំពឹងថាសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ ដោយកើនឡើងដល់ ៣,១% ក្នុងឆ្នាំ២០២៤។

ស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះបានឱ្យដឹងថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនានា និងការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នឹងបន្តដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ចនៅឆ្នាំនេះក្នុងគ្រាដែលមានវិបត្តិអតិផរណាដែលអូសបន្លាយ។

មូលនិធិ IMF មើលឃើញថា អត្រាតម្លៃទំនិញប្រើប្រាស់ពិភពលោកនឹងថមថយមកនៅត្រឹម ៦,៦% នៅឆ្នាំនេះ ពោលគឺកើនឡើង ០,១ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែតុលា បន្ទាប់ពីកើនឡើង ៨,៨% ក្នុងឆ្នាំ២០២២។ អត្រានេះត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ៤,៣% នៅឆ្នាំ២០២៤៕