(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល បានបង្ហាញនូវការរំពឹងទុកថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាង​កម្ពុជា និងចិន នឹង​វិលមកភាពប្រក្រតីឡើងវិញ ក្នុងរង្វង់៣០% ទៅ៤០% បើធៀបទៅមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា «អាអាជ្ញាធរ​អាកាសចរ​ស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើការ ជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ»

​លោកបន្តថា នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរ គឺមានសរុបចំនួន ៤១៥ជើងក្នុងមួយសប្តាហ៍​។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ហោះហើរ រវាងប្រទេសទាំងពីរមានចំនួន ២២ក្រុមហ៊ុន​ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ចិន មានចំនួន ១៦ក្រុមហ៊ុន និងកម្ពុជាមាន ៦ក្រុមហ៊ុន​ ដោយភ្ជាប់​ការហោះហើរទៅកាន់ទីក្រុងចំនួន៣៧​ ដោយក្នុងនោះ ខាងកម្ពុជាមានចំនួន ៣ទីក្រុង និងខាងចិនមានចំនួន ៣៤ទីក្រុង។

ដោយឡែកវឌ្ឍនភាព គម្រោងសាងសង់ព្រលានយន្តហោះចំនួន ៣ទីតាំង នៅរាជធានីភ្នំពេញ សៀមរាប និងខេត្តកោះកុងវិញ ត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា គិតមកដល់ពេលនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ដំណាក់កាលទី១ សម្រេចបាន ៤៣% និងចំណាយថវិកាសរុបចំនួន៦១៧ លានដុល្លារ ដោយគ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៤។

រីឯគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រេចបានប្រមាណ ៦៣% និងបានចំណាយថវិកាសរុបចំនួន ៤៧៣លានដុល្លារ​​ដោយគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣នេះ។

សម្រាប់ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចបានជាង ៩០% និងចំណាយថវិកាប្រមាណ ១៨០លានដុល្លារ ហើយអាកាសយានដ្ឋាននេះគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ឆ្នាំ២០២២​ កម្ពុជាទទួលបានអ្នកដំណើរចំនួនជាង ២ លាននាក់ ​កើនឡើងជិត៩០០% បើធៀបទៅនឹងឆ្នាំ២០២១​ ហើយបើធៀបឆ្នាំ២០១៩ គឺអ្នកដំណើរមានចំនួនប្រមាណតែ២៥% ​នៃឆ្នាំ២០១៩។ ចំណែក​ជើងហោះហើរមានចំនួនជិត ៣ម៉ឺនជើង ​កើនឡើងជាង ២៦០% បើធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១​។

​ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស សម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ គឺនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញ របស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ៕