(ហ្សាការតា)៖ មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃចន្ទថា ឥណ្ឌូណេស៊ីគ្រោងនឹងផ្តល់តំបន់រុករកប្រេង និងឧស្ម័នចំនួន ១០ នៅឆ្នាំនេះ រួមទាំងប្លុកមួយនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការផ្តល់តំបន់រុករកប្រេង និងឧស្ម័នទាំងនេះធ្វើឡើងក្នុងគ្រាដែលមានកិច្ចប្រឹងប្រែងក្នុងការជំរុញផលិតកម្មថាមពល និងបង្កើតការរកឃើញថ្មីៗ។ នៅឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានដាក់ឱ្យដេញថ្លៃអណ្តូងប្រេង និងឧស្ម័នចំនួន១៣ប្លុក ហើយបានតែងតាំងក្រុមហ៊ុនម៉ៅការសម្រាប់ ៦ប្លុកក្នុងចំណោមប្លុកទាំង ១៣នេះ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមានបំណងសម្រេចបានការបង្កើនទិន្នផលប្រេងឆៅចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) និងឧស្ម័នចំនួន ១២ ០០០លានហ្វីតគូបក្នុងមួយថ្ងៃ (mmscfd) នៅត្រឹមឆ្នាំ២០៣០។ កាលពីឆ្នាំមុន ប្រទេសនេះបានខកខានសម្រេចបានគោលដៅក្នុងការបង្កើនទិន្នផលប្រេង និងឧស្ម័នរបស់ខ្លួនក្នុងគ្រាដែលមានការពន្យារពេលគម្រោង និងការបិទអណ្ដូងឥតរំពឹងទុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Tutuka Ariadji មន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ីខណៈថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងចំណោមអណ្តូងប្រេង និងឧស្ម័នដែលឥណ្ឌូណេស៊ីគ្រោងនឹងផ្តល់ជូនក្នុងឆ្នាំនេះ គឺជាតំបន់អណ្តូងប្រេងនៅ Natuna D Alpha ដែលជាអណ្តូងឧស្ម័នធំបំផុតស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។

លោកមានប្រសាសន៍ថា៖ «សង្ឃឹមថា នៅឆ្នាំនេះនៅក្នុងខែឧសភា យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការផ្តល់ជូននេះ។ យើងក៏ត្រូវវាស់ស្ទង់ចំណាប់អារម្មណ៍សម្រាប់ប្លុក Natuna នេះផងដែរ មុនពេលយើងបើកតំបន់នេះសម្រាប់ការផ្តល់ជូនជាសាធារណៈ»

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍន៍សម្រាប់តំបន់ឧស្ម័ន Natuna ដែលមានតម្លៃ ៣ពាន់លានដុល្លារនៅសមុទ្រចិនខាងត្បូង៕