(ប៉ូជិន)៖ ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកស្រុកប្រហែល ១១០ ០០០ នាក់នៅឆ្នាំនេះ ដើម្បីធ្វើការនៅតាមកសិដ្ឋាន និងរោងចក្ររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា បច្ចុប្បន្នវិស័យទាំងនេះកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដោយសារយុវជនកូរ៉េខាងត្បូងជាច្រើនមិនចង់ធ្វើការងារដែលពួកគេចាត់ទុកថាកខ្វក់ និងគ្រោះថ្នាក់។

នៅក្នុងការស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយសហព័ន្ធសហគ្រាសកូរ៉េ ដែលជាក្រុមបញ្ចុះបញ្ចូលអាជីវកម្មធំមួយនៅកូរ៉េខាងត្បូង ប្រហែល ៤០ភាគរយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលបានស្ទង់មតិបាននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលបានក្តោបបានពេញលេញនូវបញ្ហាទាំងអស់នេះទេ។

សហគ្រាសទាំងនោះបានឱ្យដឹងថា ពលករបរទេសថ្មីចំនួន ១១០ ០០០នាក់ ដែលនឹងត្រូវនាំទៅធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនៅឆ្នាំនេះនៅ មិនទាន់គ្រប់គ្រាន់ដើម្បីបំពេញសេចក្តីត្រូវការកម្លាំងពលកម្មនោះទេ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា បើគ្មានកម្មករចំណាកស្រុកទាំងនេះទេ កសិដ្ឋាននិងរោងចក្រមួយចំនួនរបស់កូរ៉េខាងត្បូងនឹងគ្មានបុគ្គលិកធ្វើការ។
លោក Kim Jang-yeon ម្ចាស់កសិដ្ឋានមួយកន្លែងនៅទីក្រុងប៉ូជិនដែលស្ថិតនៅចម្ងាយ ៤១គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បាននិយាយថា កម្មករបរទេសកំពុងមានតម្រូវការ។

លោកមានប្រសាសន៍ថា៖ «មានតម្រូវការពលករបរទេសយ៉ាងច្រើន។ ខ្ញុំក៏ជួលកម្មករក្នុងស្រុកដែរក្នុងរដូវមមាញឹក។ ពួកគេមានត្រឹមតែប្រហែល ២០ភាគរយនៃកម្មករទាំងអស់នៅកសិដ្ឋានរបស់យើង។ ៨០ ភាគរយទៀតគឺជាកម្មករបរទេស ហើយពួគគេគឺជាអ្នកផលិតផលិតផលកសិកម្ម»៕