(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការព្រួយបារម្ភ ចំពោះការកើនឡើងនៃឥណទាន ឬបំណុល​ឯកជននៅកម្ពុជា ដែលបានកើនឡើងដល់ជាង ៥០ពាន់​លានដុល្លារ និងប្រមាណ១​៨០% នៃផលិតផលក្នុងស្រុកសរុប (GDP) ស្របពេលដែលនិន្នាការអត្រាការប្រាក់កំពុងកើនឡើង។

​លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីការព្រួយបារម្ភបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា ជាទូទៅប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា សម្រាប់ឥណទាន​ ឬបំណុលឯកជន មានត្រឹមតែ៧០% នៃGDP ប៉ុណ្ណោះ តែយ៉ាងណាមកទល់ពេលនេះ​ បំណុលឯកជននៅកម្ពុជា កើនឡើងរហូតដល់ ១៨០%នៃ GDP ដែលលើសពីតួលេខធម្មតា ខណៈនៅក្នុងតំបន់អាស៊ានបំណុលឯកជន ស្ថិតក្នុងរង្វង់ ១១០% នៃGDP។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ ក្នុងចំណោម​ឥណទានឯកជន​ចំនួនជាង ៥០ពាន់លានដុល្លារនេះ ក្នុងនោះ​ ២៥% ឬប្រមាណ ១៣ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យគ្រួសារ។ ចំណែក ៧៥% ឬប្រមាណ ៤០ពាន់លានដុល្លារ​ ផ្តល់ទៅក្រុមហ៊ុន​។ ក្នុងចំណោមនោះដែរ ៨៣% ផ្តល់ធនាគារពាណិជ្ជ និង១៧% ផ្តល់ដោយគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ។ ​

​លោក វង្សី វិស្សុត បន្ថែមថា ការកើនឡើងនៃបំណុលឯកជននេះ ទាមទារឱ្យមានការដោះស្រាយ ដើម្បី​បង្ការបន្ទុករបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះ អត្រាការប្រាក់អន្តរជាតិ បានកើនឡើង​ជាបន្តបន្ទាប់។

លោកបន្ថែមថា «ការកើនឡើងនៃបំណុលឯកជននេះ ម្ខាងទ្រទ្រង់សេដ្ឋកិច្ច ម្ខាងទៀតបង្កើតនូវហានិភ័យ ពេលដែលការប្រាក់បានកើនឡើងថែមទៀត នាពេលបច្ចុប្បន្ន ហើយឥឡូវវិស័យមួយចំនួន បានចាប់ផ្តើមប៉ះពាល់ ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់»

តែយ៉ាងណា លោកសង្ឃឹមថា ទៅថ្ងៃខាងមុខធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងឈប់ដំឡើងអត្រាការប្រាក់ ហើយបើទោះបីជាឡើងក៏ក្នុងកម្រិតទាប ឬក្នុងល្បឿនយឺត ដោយ​សារការធ្លាក់ចុះនៃអតិផរណា​។

លោក សុខ វឿន ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា នាបច្ចុប្បន្ននេះ អត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ដែល​ធ្វើកើនឡើងថ្លៃដើមនៃឥណទានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ការកើនឡើងនៃថ្លៃដើមនេះ អាចនឹងធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន​ ពិចារណាក្នុងការដំឡើងអត្រាការប្រាក់កម្ចី នៅឆ្នាំ២០២៣ ផងដែរ ដើម្បីធ្វើយ៉ាងណា ឱ្យស្ថាប័នហិរញ្ញវត្ថុទាំងនោះអាចរស់រាន និងដំណើរការនូវប្រតិបត្តិការរបស់ខ្លួនបានដដែល។

លោកបញ្ជាក់ថា «សម្រាប់ឆ្នាំ២០២៣នេះ ទាក់ទងនឹងប្រាក់បញ្ញើសន្សំអត្រាការប្រាក់ មានការកើនឡើងមួយកម្រិត ដោយសារតែបរិបទនៃអត្រាការប្រាក់អន្តរជាតិ មានការកើនឡើងខ្ពស់ បើប្រៀបធៀបនឹងរយៈពេល ៦ឬ៧ខែចុងក្រោយនេះ។ អីចឹងមកដល់ពេលនេះ អត្រាការប្រាក់អន្តរជាតិ គឺនៅតែបន្តរក្សាការកើនឡើងជាបន្តបន្ទាប់​។ នៅពេលដែលថ្លៃដើមមានការកើនឡើង ខ្ញុំគិតថាសមាជិកនីមួយៗនឹងមានការពិចារណាទៅលើបញ្ហានេះ​ អាចថានឹងមានការរក្សាដដែល ឬមានការកើនឡើងតិចតួច ដើម្បីធ្វើ​យ៉ាងណាឱ្យគាត់អាចរស់រានមានជីវីត បើសិនណាថ្លៃដើមឡើងខ្ពស់ ហើយគាត់នៅរក្សាដដែលទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់គាត់»

លោកបន្តថា «ខ្ញុំជឿជាក់ថានៅប្រទេសកម្ពុជា បើទោះបីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ គាត់រក្សានូវអត្រាការប្រាក់ដដែល ឬថយ ខ្លះក៏មានការឡើងតិចតួច ប៉ុន្តែការឡើងនេះ ខ្ញុំគិតថា វាអត់ឡើងដូចដែលទីផ្សារអន្តរជាតិឡើងទេ អាចថាឡើងក្នុងកម្រិតតិចតួចបំផុត ឬរក្សានៅដដែល»

លោកលើកឡើងថា បើទោះបីជាមានការកើនឡើង នូវអត្រាការប្រាក់កម្ចីក៏ដោយ ​តែនឹងមិនកាត់បន្ថយចំនួនអ្នកកម្ចីនោះទេ ដែលរំពឹងថា កំណើនឥណទាននឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២៣ និងការកើនឡើងនៃប្រាក់បញ្ញើក្នុងកម្រិតមួយ ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់សាច់ប្រាក់ទាំង​នេះ សម្រាប់ផ្តល់កម្ចីដល់ពលរដ្ឋ ដែលត្រូវបានកម្ចីយកទៅពង្រីក ឬស្តារអាជីវកម្ម៕