(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា តាមការវាយតម្លៃចុងក្រោយនៅឆ្នាំ២០២៣នេះសេដ្ឋកិច្ចកម្ពុជាព្យាករថា មានត្រឹម ៥.៦ភាគរយប៉ុណ្ណោះ ខណៈពីមុនមានការព្យាករថាមានកំណើន ៦.៦ភាគរយ ទោះជាយ៉ាងនេះក្ដីតួលេខថ្មី នៅតែជាតួលេខដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ការលើកឡើងរបស់ លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

លោក វង្សី វិស្សុត បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ គ្រោងនឹងមាន ៦.៦ភាគរយ ប៉ុន្ដែតាមការវាយតម្លៃចុងក្រោយ សេដ្ឋកិច្ចកម្ពុជាព្យាករថានឹងមានកំណើនត្រឹមតែ ៥.៦ភាគរយប៉ុណ្ណោះ ជាតួលេខថ្មីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុម័តឲ្យប្រើប្រាស់ និងជាតួលេខប្រាកដនិយមជាងគេ ព្រមទាំងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃ របស់ស្ថាប័នអន្ដរជាតិធំៗផងដែរ»

លោកបន្តថា តាមការវាយតម្លៃសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥.២ភាគរយ ហើយវិស័យរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមាន ការងើបឡើងវិញវិស័យទេសចរណ៍, ការប្រើប្រាស់ក្នុងស្រុក តាមរយៈការលក់ដុំ និងលក់រាយ និងឧស្សាហកម្មកម្មន្ដសាលមានភាពរឹងមាំ ការកើនឡើងនៃការនាំចេញ ផលិតសម្លៀកបំពាក់ជាដើម។

លោកបានបញ្ជាក់ថា «កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ធៀបនឹងឆ្នាំ២០២២ មានការកើនឡើងបន្ដិច ដោយសារតែការងើបឡើងនៃវិស័យកសិកម្មបន្ដិច ក្នុងកំណើន១.១ភាគរយ ខណៈឆ្នាំ២០២២មាន ០.៧ភាគរយ, ផលិតផលកម្មន្ដសាលមិនមែនកាត់ដេររំពឹងមានកំណើន ៥.៥ភាគរយ ប៉ុន្ដែជាក្ដីសង្ឃឹមខ្លាំងគឺការកើនឡើងនៃវិស័យទេសចរណ៍ ដោយសារប្រទេសជាប់កម្ពុជាមានវៀតណាម-ថៃ ទេសចរណ៍ក្នុងប្រទេសទាំងពីរកើនឡើងខ្លាំង បើប្រទេសទាំង២កើនឡើង កម្ពុជាក៏មានការកើនឡើងដូចគ្នា ចំណែកស៊ីហ្គេមក៏ដើរតួធំក្នុងការកើនឡើងនៃកំណើនសេដ្ឋកិច្ច»

លោកបន្ថែមថា ទោះជាយ៉ាងនេះក្ដី វិស័យសំណង់ និងអចលនទ្រព្យ នៅតែស្ថិតក្នុងភាពមិនល្អប្រសើរទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានស្ថានភាពយឺត ដែលភាពយឺតយ៉ាវនេះ អាចនឹងអូសបន្លាយបន្ដទៀត ប្រសិនបើសភាពការណ៍វិនិយោគខាងក្រៅប្រទេសមកយឺត៕