(ប៉េកាំង)៖ អ្នកតំណាងពាណិជ្ជកម្មកំពូលរបស់ចិន និងអូស្ត្រាលីនឹងជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាតាមអនឡាញបន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដែលជាសញ្ញាចុងក្រោយបំផុតនៃការទម្លាយភាពទាល់ច្រកដែលអាចកើតមាននៅក្នុងជម្លោះសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងសមភាគីអូស្ត្រាលីលោក Don Farrell នឹងជួបប្រជុំគ្នាតាមរយៈវីដេអូអនឡាញសម្រាប់ការពិភាក្សាលើកដំបូងរបស់ពួកគេចាប់តាំងពីការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីរបស់អូស្ត្រាលីក្នុងខែឧសភា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទាន់បានឯកភាពគ្នាអំពីកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនេះនៅឡើយទេ។

កិច្ចប្រជុំនេះនឹងកើតមានឡើងបន្ទាប់ពីមានការសង្កេតឃើញថា មានការធូរស្រាលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី បន្ទាប់ពីចិនបានដាក់ទណ្ឌកម្មរយៈពេលជាងពីរឆ្នាំមកនេះលើការនាំចេញរបស់អូស្ត្រាលី។

ការហាមឃាត់ និងការដកហូតពន្ធលើស្រា ធ្យូងថ្ម និងអាហារសមុទ្ររបស់អូស្រ្តាលីបានចាប់ផ្តើមបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ ក្នុងខែមេសា ឆ្នាំ២០២០ ដោយធ្វើឱ្យរដ្ឋាភិបាលចិនមានការខឹងសម្បារ។

ប៉ុន្តែពីរឆ្នាំកន្លះក្រោយមក ក្នុងគ្រាដែលទំនាក់ទំនងការទូតមានភាពកក់ក្តៅរវាងចិន និងរដ្ឋាភិបាលអូស្ត្រាលីថ្មី ការពិភាក្សាត្រូវបានធ្វើឡើងក្នុងខែមករានៅទីក្រុងប៉េកាំង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលធំៗចំនួនបួនចាប់ផ្តើមពាណិជ្ជកម្មធ្យូងថ្មឡើងវិញជាមួយអូស្ត្រាលី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕