(តូក្យូ)៖ ក្រសួងហិរញ្ញវត្ថុជប៉ុនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចូលប្រេងឆៅរបស់ប្រទេសជប៉ុនបានកើនឡើង ៨,៥ភាគរយក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ខណៈតម្លៃប្រេងឆៅដែលបាននាំចូលបានកើនឡើង ៩១,៥ភាគរយដល់ ១៣,២៧ពាន់ពាន់លានយ៉េន (១០២,៤ពាន់លានដុល្លារ) ដោយសារតម្លៃប្រេងកើនឡើង និងការធ្លាក់ចុះថ្លៃប្រាក់យ៉េន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយស្រង់ទិន្នន័យបឋមដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនថា ជប៉ុនដែលជាប្រទេសទិញប្រេងឆៅធំជាងគេទីបួនក្នុងពិភពលោកបាននាំចូលប្រេងឆៅ ២,៧លានបារ៉ែលក្នុងមួយថ្ងៃ (១៥៦,៦២លានគីឡូលីត្រ) កាលពីឆ្នាំមុន។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការកើនឡើងនេះគឺជាកំណើនធៀបនឹងឆ្នាំលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ហើយតម្លៃនាំចូលប្រេងឆៅក្នុងមួយគីឡូលីត្របានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៨៤ ៧២៨យ៉េន (៦៦១ដុល្លារ) គិតចាប់តាំងពីទិន្នន័យត្រូវបានកត់ត្រាក្នុងឆ្នាំ១៩៧៩មក។

ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់ប្រទេសជប៉ុនបើគិតជាបរិមាណបានធ្លាក់ចុះ ៣,១ ភាគរយមកនៅត្រឹម ៧១,៩៩៨លានតោនក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ប៉ុន្តែតម្លៃឧស្ម័ន LNG ដែលបាននាំចូលបានកើនឡើង ៩៧,៥ភាគរយដល់ ៨,៤៥ពាន់ពាន់លានយ៉េន។

ទិន្នន័យបានបង្ហាញទៀតថា ការនាំចូលធ្យូងថ្មកម្ដៅសម្រាប់ផលិតថាមពលបានកើនឡើង ២,៥ភាគរយក្នុងឆ្នាំ២០២២ ដល់ ១១៥,៣៨លានតោន ខណៈដែលតម្លៃធ្យូងថ្មកម្ដៅដែលបាននាំចូលបានកើនឡើង ១៩៦,៧ភាគរយ។

សម្រាប់ខែធ្នូ ការនាំចូលប្រេងឆៅបានកើនឡើង ១,២ភាគរយដល់ ៣,០២លានបារ៉ែលក្នុងមួយថ្ងៃ (១៤,៨៨៤លានគីឡូលីត្រ) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕