(បាងកក)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមការងារ បានចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមជាអធិបតិក្នុងសិក្ខាសាលាស្តីពីវិនិយោគកម្ពុជា ក្នុងគោលបំណងជម្រាប ជូនវិនិយោគជប៉ុន ដែលមានប្រតិបត្តិការនៅប្រទេសថៃ និងមានបំណងស្វែងរកទីតាំង ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្ម នៅប្រទេសជិតខាង ពីបរិយាកាសវិនិយោគ និងបទដ្ឋានគតិយុត្ត ស្តីពីវិនិយោគនៅកម្ពុជា។

សិក្ខាសាលាស្តីពីវិនិយោគកម្ពុជានេះ រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grande Center Point Terminal 21 ទីក្រុងបាងកក ដោយមានការអញ្ជើញចូលរួមពីអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងវិនិយោគិនជប៉ុនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ ២០០នាក់។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់អង្គការ JETRO និងសមាគម JBAC ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង និងជានិច្ចកាលដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនជប៉ុន ព្រមទាំងដល់វិនិយោគិនជប៉ុន ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមសិក្ខាសាលានេះ។

លោករដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ការវិនិយោគពីបរទេស ដោយបានបើកទ្វារស្វាគមន៍ ការវិនិយោគមកពីគ្រប់ប្រទេស លើគ្រប់វិស័យ ដោយគ្មានការរើសអើង។ ជាពិសេស ច្បាប់ស្ដីពីវិនិយោគរបស់កម្ពុជា ផ្តល់នូវរបបលើកទឹកចិត្តបើកចំហ, តម្លាភាពជូនដល់វិនិយោគិនទាំងអស់, ការធានានិងការពារវិនិយោគ ដោយគ្មានគោលការណ៍រើសអើង។

លោកក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើវិនិយោគិន ដោយមានការរៀបចំវេទិការវាងរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីផ្តល់នូវឱកាសជូនវិនិយោគិនលើកនូវបញ្ហាប្រឈម និងសំណូមពរនានាជូនរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយ និងដាក់ចេញនូវដំណោះស្រាយឈ្នះ-ឈ្នះ បន្ថែមលើវេទិកានេះ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក៏ត្រូវបានរៀបចំឡើងជារៀងរាល់ឆមាស សម្រាប់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០០៩។

លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ជប៉ុននាពេលកន្លងមក ដែលមិនត្រឹមតែបាននាំមក នូវទុនវិនិយោគប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា, នាំមកនូវបច្ចេកវិទ្យាថ្មីៗ, និងចូលរួមចំណែកបង្កើនជំនាញ ដល់កម្មករកម្ពុជាថែមទៀត។

លោករដ្ឋមន្រ្តីបានបន្ថែមថា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ សម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ហើយរដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏បានរួមចំណែកដ៏ថ្លៃថ្លាដល់ដំណើរការស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា។ ដោយមើលឃើញពីកត្តាទាំងនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសរួមគ្នាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ពីការឯកភាពពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ពី «ដៃគូយុទ្ធសាស្ត្រ» ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣មក។

លោក សុខ ចិន្តាសោភា បានជម្រាបជូនអង្គសិក្ខាសាលាថាថ្មីៗនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ផ្លូវការដោយរដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២២ បានកំណត់យកយុទ្ធសាស្រ្តប្រទេសបូក ដែលជាវិធានការអាទិភាព ខណៈការវិនិយោគរបស់ជប៉ុន ក្នុងវិស័យឧស្សាហកម្ម នាពេលកន្លងមកភាគច្រើនជាការវិនិយោគបែប «ថៃ+១» ដោយវិនិយោគិនជប៉ុន ដែលមានប្រតិបត្តិការនៅប្រទេសថៃ។

ក្នុងន័យនេះ លោកសូមលើកទឹកចិត្តដល់វិនិយោគិនជប៉ុន នៅប្រទេសថៃ ជាពិសេស ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ដែលជាវិស័យវិនិយោគិនជប៉ុនមានឧត្តមភាព និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពធ្វើការ វិនិយោគនៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ ជាអតិបរមាពីសមាហរណកម្មតំបន់ និងគុណសម្បត្តិរបស់កម្ពុជា ដូចជាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច, កម្លាំងពលកម្មដែលមានវ័យក្មេង, ទីតាំងជាយុទ្ធសាស្ត្រ នៅកណ្តាលតំបន់អាស៊ាន, និងទីផ្សារអន្តរជាតិនានា ដែលបើកចំហសម្រាប់កម្ពុជា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

សិក្ខាសាលានេះក៏មានការចូលរួមធ្វើបទបង្ហាញស្តីពីផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងបទបង្ហាញ ស្តីពីការលើកទឹកចិត្តវិនិយោគ ដោយលោក លឹម វិសាល ជំនួយការរបស់លោករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផងដែរ។

សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន ១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៩ប៊ីលានដុល្លារ៕