(បូស្តុន)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា ពាណិជ្ជកម្មអន្តរជាតិនឹងកើនឡើងយឺតជាងសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលភាគច្រើននៃទសវត្សរ៍ក្រោយ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនផ្លាស់ប្តូរសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងផ្លាស់ប្តូរលំហូរពាណិជ្ជកម្មឆ្លងព្រំដែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុប្រឹក្សាយោបល់លំដាប់ពិភពលោក Boston Consulting Group (BCG) ថា អត្រាកំណើនប្រចាំឆ្នាំរបស់ពាណិជ្ជកម្មពិភពលោកនឹងមានកម្រិតមធ្យម ២,៣% រហូតដល់ឆ្នាំ២០៣១ ធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) សកលជាមធ្យម ២,៥% ក្នុងមួយឆ្នាំក្នុងរយៈពេលដូចគ្នា។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ពាណិជ្ជកម្មភាគច្រើនបានដើរតាមអត្រាកំណើន GDP ពិភពលោកក្នុងអំឡុងទសវត្សរ៍មុនការរាតត្បាតជំងឺ។ ដូច្នេះ របាយការណ៍នេះបានព្យាករណ៍ពីការកើតមានភាពនៅទ្រឹងដ៏អាក្រក់បំផុតនៅក្នុងពាណិជ្ជកម្មពិភពលោកគិតចាប់តាំងពីអង្គការពាណិជ្ជកម្មពិភពលោកត្រូវបានបង្កើតឡើងកាលពីជាង ២៥ឆ្នាំមុន។

លោក Nikolaus Lang នាយកគ្រប់គ្រង BCG និងជាអ្នកនិពន្ធរបាយការណ៍នេះបានថ្លែងថា៖ «បន្ទាប់ពីមានបរិយាកាសពាណិជ្ជកម្មសុវត្ថិភាពជិត ៣០ឆ្នាំ យើងកំពុងស្ថិតនៅចំកណ្តាលនៃស្ថានភាពថ្មីមួយ នោះគឺមហាអំណាចខាងកើតទល់នឹងមហាអំណាចខាងលិច ដោយសហគមន៍ដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងសមភាគីចិន-រុស្ស៊ី រួមជាមួយនឹងការលេចចេញក្រុមទីបីប្រកបដោយសក្តានុពល។

ស្ថិតក្រោមការរង្គោះរង្គើដែលបានគូសបញ្ជាក់ដោយក្រុមហ៊ុន BCG នេះ ភាពចលាចលពាណិជ្ជកម្មរយៈពេលប្រាំបួនឆ្នាំបន្ទាប់នឹងបង្កើតឱ្យមានអ្នកឈ្នះ និងអ្នកចាញ់ដូចខាងក្រោម។

សហភាពអឺរ៉ុបនឹងបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកចំនួន ៣៣៨ពាន់លានដុល្លារ ដែលជំរុញភាគច្រើនដោយការនាំចេញថាមពលរបស់អាមេរិកទៅកាន់អឺរ៉ុប ហើយក៏នឹងពង្រីកពាណិជ្ជកម្មរួមគ្នាជាមួយបណ្តាប្រទេសអាស៊ាន អាហ្វ្រិក មជ្ឈិមបូព៌ា និងឥណ្ឌាផងដែរ។

ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងធ្លាក់ចុះចំនួន ៦៣ពាន់លានដុល្លារ ហើយសម្រាប់ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន កំណើនពាណិជ្ជកម្មក៏នឹងថយចុះផងដែរ ដោយកើនឡើងត្រឹមតែ ៧២ពាន់លានដុល្លារប៉ុណ្ណោះ ដែលក្រុមហ៊ុន BCG ហៅថា «ការកើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន»

ក្រុមហ៊ុនប្រឹក្សាយោបល់មួយនេះបានបន្តថា ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយចិន និងឥណ្ឌានឹងកើនឡើង ១១០ពាន់លានដុល្លារ «រួមទាំង ៩០ពាន់លានដុល្លារតែជាមួយចិន»

តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាអ្នកឈ្នះធំបំផុត ដោយមានការប៉ាន់ប្រមាណថា តំបន់នេះនឹងទទួលបានទឹកប្រាក់ចំនួន ១ពាន់ពាន់លានដុល្លារពីពាណិជ្ជកម្មថ្មីជាមួយប្រទេសចិន ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ពាណិជ្ជកម្មរបស់អាស៊ានជាមួយចិននឹងកើនឡើង ៤៣៨ពាន់លានដុល្លារដែលជាការកើនឡើងខ្លាំងជាងគេក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕