(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់៨១៣ ០០០ ០០០ ០០០រៀល ដែលស្មើនឹង២០០លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

ក្រសួងបញ្ជាក់ថា មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ១លានរៀល, ប្រភេទអត្រាគូប៉ុង ថេរ,​ ការទូទាត់គូប៉ុងរៀងរាល់ ៦ខែម្ដង គិតចាប់ពីថ្ងៃបោះផ្សាយ, គម្លាតនៃការបោះផ្សាយ មានរយៈពេល៤សប្ដាហ៍។

ប្រភេទមូលបត្រឥណប្រតិទានមានចំនួន ៥ប្រភេទរួមមាន៖ ១ឆ្នាំ ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ និង១៥ឆ្នាំ។ ប្រភេទប្រតិទាន ១ឆ្នាំបោះផ្សាយចំនួន៣ដង ក្នុងទំហំបោះផ្សាយចំនួន ២០០ប៊ីលានរៀល។ ប្រតិទាន២ឆ្នាំ បោះផ្សាយចំនួន២ដង ក្នុងទំហំបោះផ្សាយចំនួន ១២០ប៊ីលានរៀល។ ប្រតិទាន ៣ឆ្នាំ បោះផ្សាយចំនួន៣ដង ក្នុងទំហំបោះផ្សាយចំនួន ២០០ប៊ីលានរៀល។ ប្រតិទាន៥ឆ្នាំ Private Placement។ ប្រតិទាន ១០ឆ្នាំ បោះផ្សាយចំនួន២ដង ក្នុងទំហំបោះផ្សាយចំនួន ៤០ប៊ីលានរៀល និងប្រតិទាន១៥ឆ្នាំ បោះផ្សាយចំនួន២ដង ក្នុងទំហំបោះផ្សាយចំនួន ៤០ប៊ីលានរៀល។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារអាមេរិក មានគោលដៅពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

មូលបត្ររដ្ឋលើកដំបូងនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដេញថ្លៃចំនួនលើកទី៥ មកហើយ ចំពោះលទ្ធផលនៃការចូលរួមដេញថ្លៃ នៅមានកម្រិតនៅឡើយ៕