(ភ្នំពេញ)៖ គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើការផ្តល់កម្ចីក្នុងទំហំទឹកប្រាក់​៩២លានដុល្លារ ដល់​សហគ្រាសធុនតូច និងមធ្យម​ ចំនួន៩៨៥ ​ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។

​ថ្លែងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ ​«តួនាទីរបស់គម្រោងធានាឥណទាន ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន​» នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នេះគឺជាមោទនភាពមួយ ត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ សហគ្រាសធុនតូច និងមធ្យម បានស្គាល់ពីសេវាកម្មថ្មីរបស់រាជរដ្ឋាភិបាល​ និងបានជួយធានាឥណទាន ដល់សហគ្រាសជិត១ពាន់សហគ្រាស។

លោកបន្តថា CGCC ​បានដើរតួនាទីយ៉ាងសំខាន់ ​ក្នុងបម្រើបាននូវសេចក្តីត្រូវរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ​ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

លោកមានប្រសាសន៍ថា «យើងមានដើមទុនចំនួន ២០០លានដុល្លារ ហើយយើងទើបតែផ្តល់ការធានានៅចំនួនជាង ៩០លានទេ ហើយក្នុង ២០០លានដុល្លារនេះ យើងអាចធានាបានពីរទៅ ៣ដងឬ៤ដងទៅតាមគុណភាពនៃឥណទាន។ បើឥណទានល្អយើងពង្រីកការធានាបានច្រើន ហើយបើកម្ចីល្អ គឺយើងត្រូវគិតពីការធានាពីនិរន្តភាព និងភាពជឿទុកចិត្តបានរបស់ដៃគូរបស់យើង បើយើងមិនមានការរឹងមាំនៅក្នុងការគិតគូរទេ គឺដៃគូធនាគារយើងមិនជឿលើផលិតផលរបស់យើងទេ»

លោក​បន្ថែមថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះដំណើរការរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងរយៈពេល២ឆ្នាំកន្លងមក និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាជីវកម្មធានាឥណទានកម្ពុជា ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់»។ 

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងថា CGCC បានចាប់ផ្តើមផ្តល់ការធានាឥណទានដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមធានាកម្ចីប្រមាណ ៩២លានដុល្លារនេះ ២៥%ជាសហគ្រិនស្រី្ត ៦៥% កម្ចីគ្មានទ្រព្យធានា និង៩៦% ជាកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីខ្នាតតូច។ 

លោកបន្តថា ថ្វីត្បិតតែក្នុងរយៈពេល២ឆ្នាំនេះ CGCC មាន​វឌ្ឍនភាពល្អ តែ​ក៏នៅមានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ​ដូចជា​មិនអាចផ្តល់ការធានាឥណទាន ដល់អាជីវកម្មក្រៅប្រព័ន្ធ និងត្រូវធ្វើការងារជាច្រើនទៀតជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងដូរនូវគោលនយោបាយផ្ទៃក្នុង របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ ក្នុងការផ្តល់ការធានាឥណទាន ​តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា​។

លោកបន្ថែមថា នាពេលខាងមុខ CGCC មានបំណងចូលគាំទ្រការធានាឥណទាន ដល់វិស័យកសិកម្ម និងហិរញ្ញប្បទានបៃតងផងដែរ។ ទន្ទឹមគ្នានេះ CGCC នឹងបន្តពង្រីកក្នុងភាពជាដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល​ ក្នុងការដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក​៕