(ប៉េកាំង)៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានថមថយខ្លាំងនៅក្នុងត្រីមាសទី៤ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង ដែលទាញទម្លាក់កំណើនឆ្នាំ២០២២ និងបង្កើនសម្ពាធលើអ្នកបង្កើតគោលនយោបាយឱ្យដាក់ចេញវិធានការជំរុញបន្ថែមទៀតនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនដែលបានចេញផ្សាយនៅថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ២,៩ភាគរយនៅត្រីមាសទី៤ ឆ្នាំនេះធៀបនឹងរយៈពេលដូចកាលពីឆ្នាំមុន ពោលគឺទាបជាងត្រីមាសទីបីដែលមាន ៣,៩ភាគរយ។ អត្រានេះនៅតែខ្ពស់ជាកំណើន ០,៤ភាគរយនៅត្រីមាសទីពីរ និងការរំពឹងទុករបស់ទីផ្សារដែលថាមានកំណើនត្រឹមតែ ១,៨ភាគរយប៉ុណ្ណោះ។

ទីក្រុងប៉េកាំងបានលុបចោលវិធានការប្រឆាំងមេរោគកូវីដដ៏តឹងរ៉ឹងរបស់ខ្លួនដែលបានរារាំងសកម្មភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២២ ប៉ុន្តែការបន្ធូរបន្ថយនេះក៏បាននាំឱ្យមានការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជំងឺកូវីដផងដែរ ដែលសេដ្ឋវិទូនិយាយថាអាចប៉ះពាល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។

សម្រាប់ឆ្នាំ២០២២ទាំងមូល ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៣ភាគរយដែលទាបជាងទិសដៅកំណើនផ្លូវការដែលមានប្រហែល ៥,៥ភាគរយ និងទាបជាងខ្លាំងពីកំណើន ៨,៤ភាគរយក្នុងឆ្នាំ២០២១។

ដោយមិនរាប់បញ្ចូលកំណើន ២,២ភាគរយក្នុងឆ្នាំ២០២០ បន្ទាប់ពីមានការវាយប្រហារដំបូងដោយជំងឺកូវីដ-១៩ កំណើននៅឆ្នាំ២០២២នេះ គឺជាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៦មក ដែលជាឆ្នាំចុងក្រោយនៃបដិវត្តន៍វប្បធម៌រយៈពេលមួយទសវត្សរ៍ដែលបានបំផ្លាញសេដ្ឋកិច្ចចិន។

សេដ្ឋកិច្ចចិនទំនងជានឹងងើបឡើងវិញដល់ ៤,៩ភាគរយ នៅឆ្នាំ២០២៣ ខណៈពេលដែលមេដឹកនាំចិនងាកមកដោះស្រាយការបញ្ហាសំខាន់ៗមួយចំនួនដែលដាក់បន្ទុកលើកំណើនសេដ្ឋកិច្ចដូចជា គោលនយោបាយកូវីដសូន្យ និងការធ្លាក់ចុះវិស័យអចលនទ្រព្យធ្ងន់ធ្ងរជាដើម។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សេដ្ឋវិទូភាគច្រើនរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងចាប់ពីត្រីមាសទីពីរ៕