(មែលប៊ិន)៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងវគ្គជួញដូរដំបូងនៅថ្ងៃអង្គារ ខណៈការភ័យខ្លាចកើតមានការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោកបានគ្របដណ្តប់កិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ៣៨សេន ឬ ០,៥ភាគរយនៅត្រឹម ៨៤,០៨ដុល្លារ ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ ១,១៦ដុល្លារ ឬ ១,៥ភាគរយមកនៅត្រឹម ៧៨,៧ដុល្លារធៀបនឹងតម្លៃកាលពីថ្ងៃសុក្រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្នុងការស្ទង់មតិដែលបានចេញផ្សាយនៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនៅទីក្រុងដាវ៉ូស សេដ្ឋវិទូមកពីវិស័យឯកជន និងសាធារណៈចំនួន ២ ភាគ ៣ ដែលត្រូវបានស្ទង់មតិរំពឹងថានឹងមានការដើរថយក្រោយនៃសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ដែលក្នុងចំណោមសេដ្ឋវិទូទាំងនេះ ប្រហែល ១៨ភាគរយចាត់ទុកថាវា «ទំនងជាខ្លាំងថានឹងកើតមាន»

ទន្ទឹមនឹងនេះដែរ ការស្ទង់មតិលើចក្ខុវិស័យរបស់នាយកប្រតិបត្តិនានាដែលធ្វើឡើងដោយក្រុមហ៊ុន PwC បង្ហាញឱ្យឃើញពីភាពអាប់អួរបំផុតគិតចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការស្ទង់មតិកាលពីមួយទសវត្សរ៍មុន។

ក្រុមអ្នកវិភាគផ្នែកទំនិញមកពីធនាគារ ANZ បានឱ្យដឹងថា៖ «ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃជិត ១០% ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ដោយសារសុទិដ្ឋិនិយមលើការបើកចំហរប្រទេសឡើងវិញរបស់ប្រទេសចិនជំរុញអាម្មណ៍វិនិយោគលើប្រេង។ ទោះជាយ៉ាងណា ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចសកលមិនមានភាពច្បាស់លាស់ទេ»

ធនាគារ ANZ ក៏បានចង្អុលបង្ហាញផងដែរអំពីការកើនឡើងការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ីដែលដាក់បន្ទុកលើទីផ្សារ ដោយការនាំចេញតាមសមុទ្របានកើនឡើងដល់ ៣,៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕