(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទំនងជាមិនទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នោះទេ ដែលកន្លងមកមូលនិធិនេះព្យាការថា សេដ្ឋកិច្ចនឹងកើនឡើង ២,៧ ភាគរយ ដោយលើកឡើងថា ការកើនឡើងតម្លៃប្រេងដែលគួរឱ្យភ័យខ្លាចបានកើតមានទេ ហើយទីផ្សារការងារនៅតែរឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF បាននិយាយថា ឆ្នាំ២០២៣នឹងក្លាយជា «ឆ្នាំដ៏លំបាក» មួយផ្សេងទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយអតិផរណានៅតែមិនធ្លាក់ចុះ ប៉ុន្តែលោកស្រីមិនរំពឹងថានឹងមានការទម្លាក់ការព្យាករសេដ្ឋកិច្ចបន្ថែមទៀតដូចដែលបានកើតមាននៅឆ្នាំមុននោះទេ។

មូលនិធិ IMF កាលពីខែតុលាបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២,៧ ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះពី ៦ភាគរយក្នុងឆ្នាំ២០២១ មកនៅត្រឹម ៣,២ ភាគរយនៅឆ្នាំ២០២២។ មុននឹងព្យាករថានឹងមានកំណើន ២,៧ភាគរយនេះ មូលនិធិ IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ២,៩ភាគរយសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែលោកស្រី Georgieva បាននិយាយថា លោកស្រីមិនបានរំពឹងទុកថានឹងមានការទម្លាក់ចុះការព្យាករបន្ថែមទៀតនោះទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោកស្រីខណៈថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់មូលនិធិ IMF ក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ «កំណើនសេដ្ឋកិច្ចនៅតែបន្តថមថយនៅឆ្នាំ២០២៣។ រូបភាពវិជ្ជមានខ្លាំងនោះគឺទីផ្សារការងារ។ ដរាបណាមនុស្សមានការងារធ្វើ ទោះបីជាតម្លៃទំនិញខ្ពស់ក៏ដោយ ក៏មនុស្សនៅតែចំណាយប្រាក់ ហើយការចំណាយនោះបានជួយដល់សេដ្ឋកិច្ច»