(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ ព្រលានយន្តហោះទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរចំនួន ២,៣៨២,០០០នាក់ មានការកើនឡើងជិត ៩០០ % បើធៀបទៅនឹងឆ្នាំ២០២១។

លោកបន្តថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាននៅឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរមានចំនួនប្រមាណតែ២៥%ប៉ុណ្ណោះ នៃឆ្នាំ២០១៩។

ចំពោះចំនួនជើងហោះហើរវិញ មានចំនួន២៨,៩០០ជើង កើនឡើងជាង២៦០% បើធៀបទៅនឹងឆ្នាំ២០២១ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ គឺ ចំនួនជើងហោះហើរ មានចំនួនប្រមាណតែ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩។

ចំណែការដឹកជញ្ជូនទំនិញតាមអាកាសវិញ នៅឆ្នាំ២០២២ មានចំនួនជាង៥៥០តោន ថយចុះជាង២២% បើធៀបទៅនឹងឆ្នាំ២០២១ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើង៥% នៃឆ្នាំ២០១៩។

លោក ស៊ីន ចាន់សិរីវុត្ថា សង្កត់ធ្ងន់ថា «បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ ចាប់ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១មក ពិនិត្យឃើញថា វិស័យអាកាសចរណ៍ស៊ីវិល (ការដឹកជញ្ជូនតាមផ្លូវអាកាស) កាន់តែមានដំណើរការល្អប្រសើរ ជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ»។

លោកថា គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ ក្រុមហ៊ុនបានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា ដោយនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈ Charter)។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ក្នុងឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងទុកថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតដល់ ៤,៦០០,០០០នាក់៕