(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានបង្កើនការនាំចេញឧស្ម័នធម្មជាតិរាវ (LPG) ទ្វេដងទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការជំរុញរបស់វិមានក្រឹមឡាំងដើម្បីធ្វើពិពិធកម្មការនាំចេញថាមពលរបស់ខ្លួន។ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយផ្អែកលើទិន្នន័យពីប្រភពឧស្សាហកម្មដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមឈ្មួញបាននិយាយថា ការកើនឡើងនេះភាគច្រើនដោយសារតែការកើនឡើងការចែកចាយពីក្រុមហ៊ុនប្រេង Irkutsk (INK) បន្ទាប់ពីក្រុមហ៊ុននេះបានចាប់ផ្តើមរោងចក្រកែច្នៃឧស្ម័ន Ust-Kut របស់ខ្លួននៅភាគខាងកើតតំបន់ស៊ីបេរី។

ទិន្នន័យដដែលនេះបានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើងដល់ ១៤៧ ១០០តោននៅឆ្នាំ២០២២ ពីចំនួន ៦២ ៦០០កាលពីឆ្នាំ២០២១។

ឧស្ម័ន LPG ឬ propane និង butane ត្រូវបានប្រើជាចម្បងធ្វើជាឥន្ធនៈសម្រាប់រថយន្ត កម្តៅ និងសម្រាប់ផលិតគីមីឥន្ធនៈផ្សេងទៀត។ ការនាំចេញឧស្ម័ន LPG របស់រុស្ស៊ីស្ទើរតែទាំងអស់ទៅកាន់ប្រទេសចិនធ្វើដំណើរតាមផ្លូវដែក។

ក្រុមហ៊ុននាំចេញឧស្ម័ន LPG ធំៗផ្សេងទៀតដូចជាក្រុមហ៊ុន Gazprom, Rosneft, Lukoil, Tatneft និង Sibur បានប្តូរទិសដៅការផ្គត់ផ្គង់របស់ពួកគេចេញពីអ៊ុយក្រែន និងអឺរ៉ុបកាលពីឆ្នាំមុន។

ការកើនឡើងនេះក៏បានកើតមានឡើងផងដែរ នៅពេលដែលពាណិជ្ជកម្មជាមួយប្រទេសចិនបានធ្លាក់ចុះក្នុងឆ្នាំ២០២១ ក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕