(មូស្គូ)៖ ប្រទេសរុស្ស៊ីបានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមឡើងវិញនូវការធ្វើអន្តរាគមន៍រូបិយប័ណ្ណបរទេសជាមួយនឹងការលក់ប្រាក់យ័នចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ដែលបញ្ជាក់ពីការកើនឡើងសារៈសំខាន់របស់រូបិយប័ណ្ណចិននៅក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចក្នុងគ្រាមានទណ្ឌកម្មពីប្រទេសលោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រទំនើបដោយសារសង្រ្គាមនៅអ៊ុយក្រែន សេដ្ឋកិច្ចរបស់រុស្ស៊ីបានបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ ប៉ុន្តែប្រទេសផលិតធនធានធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកមួយនេះឥឡូវកំពុងងាកទៅរកប្រទេសចិនកាន់តែខ្លាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី រួមជាមួយនឹងធនាគារកណ្តាលបានឆ្លើយតបផ្នែកសេដ្ឋកិច្ចទៅនឹងការដាក់ទណ្ឌកម្ម ដោយបានលើកឡើងថា ខ្លួននឹងលក់រូបិយប័ណ្ណបរទេសតម្លៃ ៥៤,៥ពាន់លានរូប្ល (៧៩៨លានដុល្លារ) ជារូបិយប័ណ្ណបរទេសចាប់ពីថ្ងៃទី១៣ ខែមករា ក្នុងគ្រាដែលប្រាក់ចំណូលពីប្រេង និងឧស្ម័នធ្លាក់ចុះ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា៖ «ដើម្បីបង្កើនស្ថិរភាព និងភាពអាចព្យាករបានអំពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពទីផ្សារថាមពលដែលប្រែប្រួលមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់រុស្ស៊ី ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការទិញលក់ទ្រព្យសកម្មដែលមានសាច់ប្រាក់ងារស្រួល (សន្ទនីយភាព)»

ថវិកាប្រចាំឆ្នាំ២០២៣ របស់រុស្ស៊ីគឺផ្អែកលើតម្លៃប្រេងប្រភេទ Urals ៧០,១ដុល្លារក្នុងមួយបារ៉ែល ទោះបីជាបច្ចុប្បន្នប្រេងនេះកំពុងជួញដូរក្រោម ៥០ដុល្លារក្នុងមួយបារ៉ែលក៏ដោយ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីទំនងជាមានចំនួន ២,១៤ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣មក។

នៅប្រទេសរុស្ស៊ី ជាទីដែលប្រាក់ដុល្លារអាមេរិកបានគ្របដណ្តប់ទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយបន្ទាប់ពីការដួលរលំសហភាពសូវៀតក្នុងឆ្នាំ១៩៩១នោះ ប្រាក់យ័នរបស់ចិនបានក្លាយជារូបិយប័ណ្ណដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕