(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ជូនដំណឹងពីលទ្ធផលនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា បន្ទាប់ពីអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គោលឌិន ទ្រី​ បោះផ្សាយ​មូលបត្របំណុលជាសាធារណៈ ក្នុងទំហំប្រមាណជាង៦ប៊ីលានរៀលឬប្រមាណជិត១.៥លានដុល្លារ ​ដើម្បីពង្រីកអាជីវកម្ម​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

តាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់​ថា តាមរយៈការបរិវិសកម្ម(ការទិញ) ដោយមានជំនួយពីសហក្រុមហ៊ុនធានាទិញចំនួន២ គឺក្រុមហ៊ុនអេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ដែលជាលទ្ធផលក្រុមហ៊ុនបានទទួលការបញ្ជាទិញពីវិនិយោគក្នុងស្រុក និងក្រៅស្រុកលើចំនួនមូលបត្រទាំងអស់ ដែលបានបោះផ្សាយលក់ក្នុងដំណាក់កាលទី១ ដោយជោគជ័យ​។ ជានិតិវិធីបន្ត ក្រុមហ៊ុនត្រូវបន្តការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងនេះ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានជំនួយពីក្រុមហ៊ុនធានាទិញ។

បើតាមនិយ័តករមូលបត្រកម្ពុជា សញ្ញាបណ្ណបៃតងដែលបោះផ្សាយជាលើកដំបូងនេះ មានតម្លៃ ១០ម៉ឺនរៀលក្នុងមួយឯកតាមូលបត្របំណុល ដែលមានអត្រាការប្រាក់ ៧ ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស និងមានឥណប្រតិទាន៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន ទ្រី បានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងការរៀបចំការបោះផ្សាយសញ្ញាបណ្ណបៃតងនេះឱ្យស្របតាមស្តង់ដារសញ្ញាបណ្ណបៃតងអាស៊ានដែលការណ៍នេះ ក្រុមហ៊ុនត្រូវបន្តនីតិវិធីបន្ទាប់ពីការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជារួច ដើម្បីទទួលបានLabel ជាសញ្ញាបណ្ណបៃតងអាស៊ាន៕