(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានអនុម័តថវិកាចំនួន ៣,៣៥ពាន់ពាន់លានបាត (១០០ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ២០២៤។ នេះបើយោតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃថា ថវិកាថ្មីនេះមានទំហំធំជាង ៥,១៨% ឬ ១៦៥ពាន់លានបាត ធៀបនឹងឆ្នាំ២០២៣។ នៅក្នុងឆ្នាំសារពើពន្ធ២០២៣ រដ្ឋាភិបាលថៃបានកំណត់ការចំណាយចំនួន ៣,១៨ពាន់ពាន់លានបាត ដែលមានឱនភាពថវិកាចំនួន ៦៩៥ពាន់លានបាត។

កាលពីថ្ងៃពុធសប្តាហ៍មុន ទីភ្នាក់ងារសេដ្ឋកិច្ចរដ្ឋចំនួនបួន រួមមានក្រសួងហិរញ្ញវត្ថុ ការិយាល័យថវិកា ធនាគារកណ្តាលថៃ (BoT) និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានអនុម័តក្របខណ្ឌថវិកាសារពើពន្ធឆ្នាំ២០២៤ ដោយការចំណាយរបស់រដ្ឋត្រូវបានកំណត់ចំនួន ៣,៣៥ពាន់ពាន់លានបាត និងមានឱនភាពថវិកាចំនួន ៥៩៣ពាន់លានបាត។

ឱនភាពថវិកានេះមានប្រហែល ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបានព្យាករណ៍របស់ប្រទេសថៃ ពោលគឺធ្លាក់ចុះចំនួន ១០២ពាន់លានបាត។

ការប្រមូលប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២,៧៥ពាន់ពាន់លានបាត កើនឡើង ១០,៧%។ រដ្ឋាភិបាលថៃរំពឹងថា អត្រាអតិផរណាជាមធ្យមមានចន្លោះពី ១% ទៅ ២% នៅក្នុងឆ្នាំសារពើពន្ធ២០២៤ ខណៈពេលដែលអនុបាតបំណុលសាធារណៈធៀបនឹង GDP ត្រូវបានរំពឹងថានឹងមានចំនួន ៦១,៣៥%។ នេះបើយោងតាមកាសែតថៃ៕