(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួន បាននឹងកំពុងស្វែងរកទីផ្សារស្វាយចន្ទីបណ្តើរៗដល់កសិករ ខណៈក្រុមហ៊ុនរបស់ប្រទេសវៀតណាមចំនួន២ សន្យាទិញគ្រាប់ស្វាយចន្ទីជាង ៧ម៉ឺនតោន ​ស្របពេលរដូវប្រមូលស្វាយចន្ទី ខិតជិតចូលមកដល់នៅដើមឆ្នាំ ២០២៣។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោមការសម្របសម្រួលរបស់អង្គការ GIZ និងសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនអន្តជាតិចំនួន២ ដែលមានទីតាំងនៅប្រទេសវៀតណាម នឹងទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករប្រមាណជាង ៧ម៉ឺនតោន សម្រាប់យកទៅកែច្នៃ ក្នុងនោះក្រុមហ៊ុនអូឡាំចំនួន ៥ម៉ឺនតោន និងក្រុមហ៊ុន Inter Snack ចំនួនជាង ២ម៉ឺនតោន។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន Inter Snack កំពុងធ្វើការងារជាមួយកសិករនៅខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងស្ទឹងត្រែង ដែលក្រុមហ៊ុននេះ អាចនឹងទិញលើសពីចំនួនដែលបានគ្រោងទុកនេះ។

ជាមួយគ្នា​ អង្គការ HEKS/EPER Cambodia បានសហការជាមួយសហគមន៍សាកល្បងរកទីផ្សារសម្រាប់កសិករស្វាយចន្ទី នៅខេត្តកំពង់ធំ និងព្រះវិហារ ដើម្បីនាំគ្រាប់ស្វាយចន្ទី ដោយផ្ទាល់ទៅលក់ឱ្យរោងចក្រនៅវៀតណាមផងដែរ។

បើតាមប្រធានសមាគមរូបនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជានាំចេញទៅវៀតណាម គឺជាប្រភេទគ្រាប់ឆៅ ដោយសារតែមកទាល់ពេលនេះ តម្លៃគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ថ្លៃជាងវៀតណាម ដែលធ្វើឱ្យកម្ពុជាពិបាកប្រជែង នៅលើទីផ្សារអន្តរជាតិ។

នៅឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា វាយតម្លៃថាទិន្នផលស្វាយចន្ទីនឹងកើនឡើងចន្លោះពី៨០ម៉ឺនតោន ទៅ១លានតោន ប្រសិនបើអាកាសធាតុអំណោយផល​ ខណៈឆ្នាំ២០២២នេះ ដោយសារតែបញ្ហាអាកាសធាតុ ទិន្នផលស្វាយចន្ទីទទួលតែប្រមាណ ៦៦ម៉ឺនតោនប៉ុណ្ណោះ។

រដូលប្រមូលផលស្វាយចន្ទី ចាប់ផ្តើមធ្វើឡើងពីខែកុម្ភៈ ដល់ខែឧសភា។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ​រយៈពេល៩ខែ ​ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៦ម៉ឺនតោន គិតជាទឹកប្រាក់ ១​ ០៧៧លានដុល្លារ​ថយចុះ ៣៤.៦៥% ​ឬប្រមាណ៣៥ម៉ឺនតោន បើធៀបឆ្នាំ២០២១​។ ដោយឡែកនាំទៅវៀតណាមមានចំនួន ៦៤​ម៉ឺនតោន ថយចុះ៣៧%។

ផ្ទៃដីដៃដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណ៧០ម៉ឺនហិកតា ថយចុះ១០ម៉ឺនហិកតា បើធៀបនឹងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិអាកាសធាតុ និងការកើនឡើងនៃថ្លៃថ្នាំ និងជីកសិកម្ម ធ្វើឱ្យកសិកររងការខាតបង់ បណ្តាលឱ្យពួកគេកាប់ដើមចន្ទីចោល៕