(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយលោក បាយ៉ុងក្វាន់ គីម (Buyung Kwan Kim) ប្រធានសមាគមអ្នកនាំចូលកូរ៉េ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរទំនាក់ទំនងពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ។

លើកឡើងនៅក្នុងជំនួបពាណិជ្ជកម្ម និងការចុះអនុស្សារណៈយោគយល់គ្នា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក មៀវ សុខទ្រី បានឱ្យដឹងថា ការចុះអនុស្សារណៈ យោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើននូវកិច្ចសហការភាពជាដៃគូរ ពាណិជ្ជកម្មជាមួយគ្នា ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកព័ត៌មាន ទាក់ទងដំណើរការក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឱ្យស្របតាមស្តង់ដារតម្រូវការទីផ្សារនាំចេញ។

លោក មៀវ សុខទ្រី បានបន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នានេះបានផ្តោតទៅលើចំណុចសំខាន់ដូចជា៖ ការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក នៅលើតម្រូវការ នៃការផលិត, ការបញ្ជូនផលិតផលដែលមានស្រាប់ទៅភាគីកូរ៉េ ដើម្បីពិនិត្យគុណភាពឲ្យស្របតាមស្តង់ដារនៃការនាំចូល, ការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សា និងការនាំចេញ ផលិតផលចំណី អាហារកម្ពុជា ទៅកាន់ទីផ្សារកូរ៉េ។

លោកបានបញ្ជាក់ទៀតថា សមាគមអ្នកផលិតចំណីអាហារកម្ពុជា កំពុងទន្ទឹងរង់ចាំជាយូរណាស់មកហើយសម្រាប់ការចុះអនុស្សរណៈមួយនេះ ដោយលោករំពឹងថា ផលិតផលចំណីអាហារកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារកូរ៉េនាពេលខាងមុខ សម្រាប់ធ្វើការចែកចាយក្នុងប្រទេសកូរ៉េ ជាពិសេសការផ្គត់ផ្គង់ដល់កម្មករ-កម្មារិនី ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េផងដែរ។

លោក បាយ៉ុងក្វាន់ គីម បានឱ្យដឹងដែរថា កម្ពុជានិងកូរ៉េ គឺជាប្រទេសមួយដែលមានទំនាក់ទងយ៉ាងល្អប្រសើរ ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ក្នុងនោះប្រទេសទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងឈានចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ ។

លោក បាយ៉ុងក្វាន់ គីម បានបញ្ជាក់ដែរថា តាមរយៈភាពជាដៃគូរនេះរំពឹងថា ផលិតផលចំណីរអារហាររបស់កម្ពុជា នឹងអាចឈានចូលទៅក្នុងទីផ្សារកូរ៉េបាននាពេល ខាងមុខនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជួយលើកកម្ពស់ដល់ផលិតផលកម្ពុជា ជាពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ មានចំនួនជាង ១៦៥លានដុល្លារ កើនឡើង ២១% ខណៈការ នាំចូលពីកូរ៉េ មានទំហំទឹកប្រាក់ជាង ៣៩៣លានដុល្លារ កើនជាង ១% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២១៕