(ហ្សាការតា)៖ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវការការវិនិយោគប្រចាំឆ្នាំរបស់ខ្លួនច្រើនជាងទ្វេដងលើថាមពលកកើតឡើងវិញ ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពល និងដើម្បីសម្រេចបានគោលដៅអាកាសធាតុរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គការថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ថា ក្នុងរយៈពេលវែង ការវិនិយោគប្រចាំឆ្នាំជាមធ្យមចំនួន ២១០ពាន់លានដុល្លារត្រូវការជាចាំបាច់លើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងដើម្បីគាំទ្របច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងអំឡុងពេលរហូតដល់ឆ្នាំ ២០៥០ ដើម្បីសម្រាប់បានគោលដៅកំណើនសីតុណ្ហភាពពិភពលោកត្រឹម ១,៥អង្សាសេ។

អង្គការ IRENA បានឱ្យដឹងថា ការវិនិយោគនេះមានចំនួនច្រើនជាង ២,៥ ដងនៃចំនួនដែលបានគ្រោងទុកដោយរដ្ឋាភិបាលរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ដើម្បីសម្រេចបានគោលដៅរបស់ពួកគេ។

អគ្គនាយក IRENA លោក Francesco La Camera បានមានប្រសាសន៍ថា៖ «ការឈប់ប្រើធ្យូងថ្ម គួបផ្សំនឹងថាមពលកកើតឡើងវិញនិងការតភ្ជាប់បណ្តាញក្នុងតំបន់ គឺជាជំហានដែលមិនអាចខ្វះបានក្នុងការសម្រេចបានទិសដៅកាបូនសូន្យ»

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តំបន់អាស៊ីអាគ្នេយ៍ជាប្រភព ២៥ភាគរយនៃសមត្ថភាពបង្កើតថាមពលពីកំដៅក្នុងផែនដីរបស់ពិភពលោក ប៉ុន្តែក៏ជាតំបន់ក៏មានធនធានបម្រុងធ្យូងថ្មសំខាន់ៗផងដែរ។ ប្រទេសឥណ្ឌូនេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់គឺជាប្រទេសនាំចេញធ្យូងថ្មកម្តៅធំជាងគេក្នុងពិភពលោក។

ខណៈពេលដែលពាក់កណ្តាលនៃសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាឈប់ប្រើប្រាស់ធ្យូងថ្មក្នុងវិស័យថាមពលនោះ លោក La Camera បាននិយាយថា ការប្តេជ្ញាចិត្តខាងអាកាសធាតុតម្រូវឱ្យមានសកម្មភាពរួមគ្នាឱ្យបានឆាប់រហ័ស «ដែលត្រូវតែចាប់ផ្តើមឥឡូវនេះ ដើម្បីទទួលបានភាពជោគជ័យ»។

អង្គការ IRENA បានឱ្យដឹងទៀតថា តំបន់អាស៊ីអាគ្នេហ៍មានគោលបំណងសម្រេចបានការផ្គត់ផ្គង់ថាមពល ២៣ ភាគរយនៃថាមពលចម្បងរបស់ខ្លួនពីថាមពលកកើតឡើងវិញនៅឆ្នាំ២០២៥ ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបង្ហាញពីវឌ្ឍនភាពចម្រុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕