(កូឡុំបូ)៖ ទិន្នន័យពីនាយកដ្ឋានស្ថិតិរបស់រដ្ឋាភិបាលស្រីលង្កាបានបង្ហាញថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៨,៤ ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កង្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវនិងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រជាជននៅប្រទេសស្រីលង្កាខ្វះខាតប្រាក់ដើម្បីចំណាយលើការនាំចូលទំនិញសំខាន់ៗ រួមមានអាហារ ប្រេងឥន្ធនៈ ជី និងថ្នាំពេទ្យ។

ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ប្រទេសជាដីកោះដែលមានប្រជាជន ២២លាននាក់នេះបានមើលឃើញការធ្លាក់ចុះសេដ្ឋកិច្ច ១,៦ ភាគរយក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២។

នាយកដ្ឋានជំរឿន និងស្ថិតិរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា វិស័យកសិកម្មបានធ្លាក់ចុះ ៨,៤ ភាគរយនៅក្នុងត្រីមាសទីពីរ និងវិស័យឧស្សាហកម្មធ្លាក់ចុះ ១០ភាគរយ ខណៈដែលសេវាកម្មធ្លាក់ចុះ ២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះប្រហែល ៨ភាគរយនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕