(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ដែលជាស្ថាប័នស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនវិនិយោគចំនួន២ និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈបង្កើនការយល់ដឹងកាន់តែទូលំទូលាយ ដល់សាធារណជន ជំរុញការវិនិយោគ ទាក់ទាញវិនិយោគិនក្នុងនិងក្រៅស្រុក ជាពិសេសការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន ហ្សីលាននាម ឯ.ក រួមជាមួយក្រុមហ៊ុនដែលជាសមាជិក និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រកាសពីកិច្ចសហការជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការយល់ដឹង និងរួមចំណែកអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ដែលជាវិស័យដ៏មានសក្តានុពលថ្មីមួយ ក្នុងការជួយទ្រទ្រង់ដល់ការរីកចម្រើន សេដ្ឋកិច្ចនៅកម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សរៈយោគយល់គ្នា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គុយ វ៉ាត ប្រធានក្រុមបប្រឹក្សាភិបាល ក្រុមហ៊ុនហ្សីលាននាម ឯ.ក បានមានប្រសាសន៍ថា ការចុះកិច្ចសហការគ្នានាពេលនេះ គឺជាខិតខំប្រឹងប្រែងក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ទៅដល់សាធារណជន ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹង និងជំនាញ និងការទាក់ទាញការ វិនិយោគនៅក្នុងវិស័យទាំងពីរនេះ។

លោកបន្ថែមថា វិស័យអចលនទ្រព្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងទីផ្សារភាគហ៊ុន និងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ហើយការរីកលូតលាស់នៃវិស័យទាំងពីរនេះ នឹងជួយបំពេញភាពរីកចម្រើនដល់គ្នាទៅវិញទៅមក សម្រាប់វិស័យអចលនទ្រព្យ។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានថ្លែងថា បន្ទាប់ពីការចុះអនុស្សរៈយោគយល់គ្នានេះ និយ័តករមូលបត្រកម្ពុជា និង និយ័តករបរធនបាលកិច្ច នឹងចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនឯកជន តាមរយៈការបណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹងពីយន្តការបរធនបាលកិច្ច។

លោកបន្តថា ទោះបីជាវិស័យបរធនបាលកិច្ច ជាវិស័យថ្មីមួយនៅកម្ពុជា ប៉ុន្តែវិស័យនេះបានតួនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែវិស័យនេះបានផ្តល់នូវថ្នាលថ្មីមួយ គឺការបង្កើត និង បង្កើនទំនុកចិត្តទៅដល់វិនិយោគិន បើទោះបីជាពួកគេមិនមានចំណេះដឹង ឬបទពិសោធទាក់ទងនឹងការវិនិយោគ និងព័ត៌មានទីផ្សារក៏ដោយ ក៏ពួកគេអាចធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបានផងដែរ តាមរយៈការជ្រើសរើស និងប្រគល់សិទ្ធិឱ្យអ្នកជំនាញបរធនបាល វិនិយោគជំនួស ឬចាត់ចែងទ្រព្យសម្បត្តិជំនួស ដែលជាជំរើសមួយសម្រាប់អ្នកដែលចង់វិនិយោគមិនផ្ទាល់ឬដោយប្រយោល។

លោកគូសបញ្ជាក់បន្ថែមថា «យន្តការមួយនេះ គឺជាយន្តការឆ្លើយតបទៅនឹងសេចក្តីត្រូវការវិនិយោគិនផងដែរ ដែលគាត់ត្រូវការយន្តការមួយធានា នូវសុវត្ថិភាពទ្រព្យសម្បត្តិ និងទំនុករបស់គាត់។ ការវិនិយោគដោយមិនផ្ទាល់ ឬដោយប្រយោល ក្នុងវិស័យអចលទ្រព្យតាមរយៈបរធនបាលកិច្ចនេះ គឺត្រូវបំពេញអនុលោមភាពតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ដែលត្រូវធ្វើឡើងតាមរយៈលិខិតបរធនបាលកិច្ច ហើយលិខិតបរធនបាលកិច្ចនេះ គឺត្រូវចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច។ តាមរយៈការចុះបញ្ជីនេះ គឺនិយ័តករនឹងតាមដានត្រួតពិនិត្យទៅលើសកម្មភាពប្រតិបត្តិការរបស់បរធនបាលថា តើគាត់ធ្វើត្រឹមត្រូវតាមអាជ្ញាបណ្ណ ឬលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច តាមការប្រគល់ផ្ទេរសិទ្ធិរបស់ម្ចាស់ទ្រព្យវិនិយោគិនដែរ ឬទេ។ យន្តការនេះមិនត្រឹមតែអំណោយផល សម្រាប់វិនិយោគក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញទៅដល់ទៅដល់វិនិយោគិនក្រៅស្រុក ដែលធ្លាប់តែមានរបាំង ការខ្លាចរអា ឬគ្មានទំនុកចិត្ត អាចធ្វើការសម្រេចចិត្តឱ្យច្បាស់ ដោយសារតែយន្តការនេះ ផ្តល់នូវការធានា និងទំនុកចិត្តដល់ពួកគេ។ កត្តានេះ នឹងធ្វើឱ្យមានការទាក់បន្ថែមនូវិនិយោគិន ពីក្រៅស្រុកមកបន្តវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា»

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការចុះអនុស្សរៈយោគយល់គ្នានេះ គឺជាយន្តការ ថ្មីមួយទៀត ក្នុងការបើកផ្លូវ ឬផ្តល់ដំណោះស្រាយ ផ្នែកខាងហិរញ្ញវត្ថុ ទៅលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា « តាមរយៈយន្តការ នេះ ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាក្រុមហ៊ុនវាយតម្លៃ នឹងផ្តល់នូវទំនុកចិត្ត សម្រាប់ទីផ្សារ និងសាធារណជន ជាពិសេសម្ចាស់ទ្រព្យ ដែលបានដាក់ឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិជំនួសនេះ អាចជឿជាក់ថា ទ្រព្យសម្បត្តិរបស់គាត់មិនបាត់។ ដូច្នេះ នៅពេលណាដែលគាត់មានទំនុកចិត្តថា ទ្រព្យសម្បត្តិរបស់គាត់មិនបាត់ គាត់នឹងផ្តល់នូវទ្រព្យសម្បត្តិរបស់គាត់ដែលអត់ប្រើ ហើយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស នឹងលៃលកប្រាក់ឬក៏ទ្រព្យ ដើម្បីប្រើជាប្រយោជន៍ក្នុងវិស័យហិរញ្ញវត្ថុ ជួយជំរុញខឿនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព»

ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដែលជាបណ្តុំអ៊ីកូស៊ីស្ទែម (ecosystem) ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូល គ្នារហូតដល់ទៅ៩០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។

ក្រុមហ៊ុន ហ្សីលាន ត្រាស់ម.ក ដែលផ្តល់សេវាកម្មថែរក្សាទ្រព្យសម្បត្តិជំនួស ក្នុងគម្រោងវិនិយោគរួមនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុននេះគឺ ជាផ្នែកមួយនៃចង្កោមក្រុមហ៊ុនទាំង៣០ នៃអ៊ីកូស៊ីស្ទែម របស់ក្រុមហ៊ុន ក្រុមហ៊ុនហ្សីលាននាម ឯ.ក។

ចំណែកក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា កាលពីឆ្នាំ២០១៩ មានតួនាទីជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

ដោយឡែក ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជីជាប្រតិបត្តិករបរធនបាលនៃគម្រោងវិនិយោគរួម នឹងផ្តល់សេវាកម្មសំខាន់ៗមានដូចជា សេវាបរធនបាលពាណិជ្ជកម្ម ក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើទ្រព្យសម្បត្តិបរធនវិនិយោគ ក្នុងគម្រោងវិនិយោគរួម។ បន្ថែមលើនេះ ក្រុមហ៊ុនផ្តល់សេវាបរធនបាលកិច្ចបុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករ ឱ្យជនបរទេសដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា។

នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក លោក Gao Shan បានលើកឡើងថា ប្រតិបត្តិការក្រុមហ៊ុន ក្នុងវិស័យបរធនបាលកិច្ច នឹងរួមចំណែកជំរុញឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជាធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។ មូលហេតុ គឺដោយសារថា បរធនបានកិច្ច ជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដទៃទៀតដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ ហ្សីលាន ត្រាស់ អាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។

លោកបបន្ថែមថា «វិស័យថ្មីនេះ នឹងក្លាយជាដំណោះស្រាយមួយ ជាពិសេសសម្រាប់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុនដែលមានបំណងចង់ទិញអចលនទ្រព្យដោយស្របច្បាប់នៅកម្ពុជាតាមរយៈបរធនបាល ហើយកិច្ចសហការនៅថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍក្នុងវិស័យមូលបត្រ និងបរធនបាលកិច្ច ព្រមទាំងការរួមចំណែកដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា»

ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិ ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះ ជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះគឺកាន់តែផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ជាពិសេសវិនិយោគិនជនបរទេសដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន មានបរធនបាលកិច្ចចំនួន ៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច៕