(សៀមរាប)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានប្រជុំពិភាក្សា អំពីការកាត់បន្ថយអត្រាពន្ធមួយចំនួនបន្ថែមទៀត និងការកាត់បន្ថយរបាំងមិនមែនពន្ធជាអតិបរមានៅក្នុងតំបន់ ដើម្បីសម្រួល និងបង្កភាពងាយស្រួល សម្រាប់ការធ្វើចរាចរទំនិញ ដល់ប្រទេសមួយចំនួន ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ដោយអង្គប្រជុំបានបង្ហាញការគាំទ្រ លើសេចក្តីព្រាងតារាងកាត់បន្ថយអត្រាពន្ធ (AHCN 2022) ដែលបានស្នើឡើងកាលពីពេលកន្លងមក។

បើតាមការលើកឡើងរបស់ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្រោយបញ្ចប់កិច្ចប្រជុំរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីតំបន់សេដ្ឋកិច្ចសេរីអាស៊ាន លើកទី៣៦ ដែលដឹកនាំដោយលោក វស្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំង១០ នៃអាស៊ានប្រពឹត្តិកាន់តែល្អប្រសើរ និងពង្រីកសេដ្ឋកិច្ចផ្ទៃក្នុង និងជាជំហមួយសម្រាប់ ការប្រកួតប្រជែងទៅកាន់ទីផ្សារខាងក្រៅ។

លោក ប៉ែន សុវិជាតិ បានថ្លែងថា កម្ពុជារួមនឹងប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និងថៃជាដើម សុទ្ធតែបានអនុវត្ត AHCN 2022 នេះ និងលើកទឹកចិត្តឱ្យប្រទេសជាសមាជិកដទៃទៀត ចូលរួមអនុវត្ត AHCN 2022 ផងដែរ។

ជាមួយគ្នានេះដែរកិច្ចប្រជុំនេះ ក៏មានការជជែកពីកិច្ចសម្រួលពាណិជ្ជកម្ម ផ្តោតទៅលើរបាំងមិនមែនពន្ធ ដែលជាឧបសគ្គសម្រាប់ការធ្វើពាណិជ្ជកម្ម។

លោកបានលើកឡើងថា របាំងមិនមែនពន្ធជាកត្តារួមចំណែកមួយ ដែលបង្កើននូវថ្លៃដើមរបស់ទំនិញ ហេតុដូច្នេះហើយប្រសិនបើមិនជំរះនូវរបាំងមិនមែនពន្ធនេះ ឱ្យមានប្រសិទ្ធភាពនោះទេ នឹងនៅតែជាឧបសគ្គសម្រាប់ការធ្វើពាណិជ្ជកម្ម បើទោះបីជារបាំងពន្ធទម្លាក់ហើយក្តី។

លោកបន្តថា «នៅក្នុងកិច្ចប្រជុំក៏បានជជែកផងដែរ នូវការបង្កើតសៀវភៅមគ្គុទេស ឬឯកសារមគ្គុទេស ដើម្បីធ្វើយ៉ាងណាឱ្យរបាំងមិនមែនពន្ធនៅទាប ហើយកុំឱ្យប៉ះពាល់នៃលំហូរនៃទំនិញនៅក្នុងតំបន់។ អង្គប្រជុំបានលើកទឹកចិត្តឱ្យប្រទេសជាសមាជិករបស់ខ្លួន ខិតខំលៃលកយ៉ាងណាចងក្រងឯកសាររបាំងមិនមែនពន្ធរបស់ខ្លួន ហើយកាត់បន្ថយឱ្យបានជាអតិបរមានូវរបាំងមិនមែនពន្ធនេះ ដើម្បីសម្រួលឱ្យលំហូរទំនិញនៅក្នុងតំបន់នេះ អាចប្រព្រឹត្តិទៅបានស្រួល»

លើសពីនេះទៅទៀតអង្គប្រជុំបានពិភាក្សា ទៅលើការប្រើប្រាស់នូវវិញ្ញាបនបត្រប្រភពដើមទំនិញ (CO) ទម្រង់ D ដែលបានដាក់ឱ្យប្រើប្រាស់តាំងពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២២ ដែលជាវិញ្ញាបនបត្រមួយ ធ្វើឡើងសម្រាប់ការប្រើប្រាស់ សម្គាល់ប្រភពដើមទំនិញ ដែលមានដើមកំណើតពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងការបម្រើសេវាកម្មបែបឌីជីថល។

បើតាមអ្នកពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ប្រទេសចំនួន៤ ដែលជាសមាជិកអាស៊ាន បានប្រើប្រាស់ទម្រង់វិញ្ញាបនបត្រប្រភពដើមទំនិញជាទម្រង់អេឡិចត្រូនិចពេញលេញ ប៉ុន្តែនៅមានប្រទេសមួយចំនួនទៀត កំពុងរៀបចំប្រើប្រាស់ទម្រង់នេះ នៅក្នុងការអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញរបស់ខ្លួន៕