(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងដំណើរទស្សនកិច្ចរបស់ លោកមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

អគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្ដិការបច្ចុប្បន្ន ហើយស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួមជាឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងការគាំទ្រជំនួយបច្ចេកទេសនានាជាដើម។

អគ្គបណ្ឌិតសភាចារ្យបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង EIB នាពេលកន្លងមក និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

«យុទ្ធសាស្រ្ត» នេះបាន និងកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម សេដ្ឋកិច្ចកម្ពុជា។

លោក Kriss Peeters បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា និងការស្វាគមន៍ដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យដឹងថា EIB បានត្រៀមរួចជាស្រេចក្នុងការពង្រឹងសហប្រតិបត្ដិការកម្រិតតំបន់ ជាពិសេស ជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ខណៈខ្លួនទើបតែបានដាក់សម្ភោធជាផ្លូវការនូវការិយាល័យប្រចាំតំបន់ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ។

លោកបានសម្តែងការ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និង ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបនឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

អគ្គបណ្ឌិតសភាចា្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ EIB ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយដំណើរទស្សនកិច្ចរបស់លោក Kriss Peeters មកកម្ពុជា ជាសក្ខីភាពនៃជំហរច្បាស់លាស់របស់ EIB ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាល កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត៕