(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh មានប្រសាសន៍ថា ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ ក៏វៀតណាមនឹងមិន “អង្គុយរង់ចាំ” ប៉ុន្តែត្រូវស្វែងរកមធ្យោបាយដើម្បីរក្សាស្ថិរភាព និងស្តារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

ការអះអាងរបស់លោក Chinh បានធ្វើឡើងខណៈដែលលោកធ្វើជាអធិបតីក្នុងសន្និសីទមួយកាលពីថ្ងៃច័ន្ទស្តីពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការជំរុញកំណើន និងការធានាឱ្យមានតុល្យភាពសេដ្ឋកិច្ច។

កាសែត VN Express បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងនូវបរិយាកាសភូមិសាស្ត្រនយោបាយពិភពលោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានការប្រែប្រួលលឿន និងស្មុគស្មាញ។ ភាពតានតឹងរវាងរុស្ស៊ីនិងប្រទេសអ៊ុយក្រែននៅឆ្ងាយពីការធូរស្រាល។ កត្តាទាំងនេះមានផលប៉ះពាល់ទាំងរយៈពេលខ្លី និងរយៈពេលវែងសម្រាប់សេដ្ឋកិច្ចពិភពលោកនិងវៀតណាម។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ វៀតណាមនឹងមិនអង្គុយរង់ចាំទេ ប៉ុន្តែត្រូវស្វែងរកយ៉ាងសកម្មនូវមធ្យោបាយនានាដើម្បីធានាថា ម៉ាក្រូសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ត្រូវសម្រេចបាន។

លោក Chinh បាននិយាយថា វៀតណាមបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសលើបញ្ហាអស្ថិរភាពនៅក្នុងសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ហានិភ័យ និងវិបត្តិសេដ្ឋកិច្ច។ អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ហើយមូលធននីយកម្ម និងគោលយោបាយរូបិយវត្ថុមានលក្ខណៈគ្រប់គ្រាន់សម្រាប់ស្ថានភាពបច្ចុប្បន្ន។

កាសែត VN Express រាយការណ៍ទៀតថា យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម ប្រទេសវៀតណាមអាចរក្សាស្ថិរភាពទីផ្សារក្នុងរយៈពេលប្រាំបីខែដំបូងជាមួយនឹងចំណូលថវិកាកើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អតិរេកពាណិជ្ជកម្មរបស់វៀតណាមបានកើនឡើង ១៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រមាណ ៥០០ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។ ទីផ្សារការងាររបស់ខ្លួនបានស្ទុះងើបឡើងវិញបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយកំណើនផលិតផលក្នុងស្រុកសរុបទំនងជាកើនលើសពី ៧% នៅក្នុងត្រីមាសទី៣ ប្រសិនបើគ្មានការវិវឌ្ឍអវិជ្ជមានធំៗណាមួយកើតឡើងទេនោះ។

លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានថ្លែងនៅក្នុងសន្និសីទនេះថា៖ «កំណើនពេញមួយឆ្នាំត្រូវបានព្យាករថានឹងលើសពីគោលដៅពី ៦ ទៅ ៦,៥% ហើយប្រសិនបើមានការខិតខំប្រឹងប្រែងបន្ថែមទៀត វានឹងកើនឡើងកាន់តែខ្ពស់»៕