(បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសថៃរំពឹងថា ពាក្យស្នើសុំវិនិយោគសរុបនឹងធ្លាក់ចុះ ២២ភាគរយមកនៅត្រឹម ៥០០ពាន់លានបាត (១៣,៧៦ពាន់លានដុល្លារ) នៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៅឆមាសទីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃដែលបានឱ្យដឹងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះជារំពឹងថានឹងធ្លាក់ចុះក៏ដោយ ក៏រដ្ឋាភិបាលកំពុងសង្ឃឹមថា វិធានការរបស់ខ្លួនក្នុងការលើកកម្ពស់ការវិនិយោគ រួមទាំងទិដ្ឋាការស្នាក់នៅរយៈពេលវែងដែលបានចាប់ផ្តើមក្នុងខែនេះនឹងទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀតនៅចុងឆ្នាំនេះ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានលើកកម្ពស់វិស័យបច្ចេកវិទ្យាទំនើប និងគាំទ្ររថយន្តអគ្គិសនីដើម្បីរក្សាឋានៈរបស់ខ្លួនជាមូលដ្ឋានផលិតកម្មរថយន្តក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងរយៈពេលពីខែមករាដល់ខែមិថុនា ឆ្នាំនេះ ការសន្យាវិនិយោគរបស់វិនិយោគិនថៃ និងវិនិយោគិនបរទេសបានធ្លាក់ចុះ ៤២% មកនៅប្រហែល ២២០ពាន់លានបាត ជាចម្បងដោយសារកាលពីឆ្នាំមុនមានការវិនិយោគដ៏ធំមួយលើគម្រោងរោងចក្រថាមពល។

ការវិនិយោគពីបរទេសដែលមានចំណែក ៦០ភាគរយនៃពាក្យស្នើសុំវិនិយោគសរុបក្នុងខែមករាដល់ខែមិថុនា មានច្រើនជាងពាក់កណ្តាលធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕