(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារ បន្ទាប់ពីកើនឡើងនៅវគ្គជួញដុរមុន ខណៈតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានក្នុងខែសីហា ដែលផ្តល់ហេតុផលដល់ធនាគារកណ្តាលអាមេរិកដើម្បីដំឡើងអត្រាការប្រាក់នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៨០សេន ឬ ០,៩% មកនៅត្រឹម ៩៣,២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI បានធ្លាក់ចុះ ៧៧សេន ឬ ០,៩% មកនៅត្រឹម ៨៧,០១ដុល្លារក្នុងមួយបារ៉ែល។

ក្រសួងការងារអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,១% កាលពីខែមុន បន្ទាប់ពីមិនមានការប្រែប្រួលនៅក្នុងខែកក្កដា។ អ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នឹងធ្លាក់ចុះ ០,១% ។

ការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ជាថ្មីនៅប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងធំជាងគេទីពីរក្នុងពិភពលោក ក៏ដាក់បន្ទុកទៅលើតម្លៃប្រេងឆៅផងដែរ។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួននៃការធ្វើដំណើរដែលបានធ្វើឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃនៅប្រទេសចិនបានធ្លាក់ចុះ ដោយប្រាក់ចំណូលពីទេសចរណ៍ក៏ធ្លាក់ចុះផងដែរ ដោយសារការរឹតបន្តឹងទាក់ទងនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ បានរារាំងមនុស្សពីការធ្វើដំណើរ។

នៅសហរដ្ឋអាមេរិក ស្តុកបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) បានធ្លាក់ចុះ ៨,៤លានបារ៉ែល មកនៅត្រឹម ៤៣៤,១លានបារ៉ែលក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ១៩៨៤ នេះបើយោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងថាមពលអាមេរិក។

ការស្ទង់មតិបឋមដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញកាលពីថ្ងៃចន្ទថា ស្តុកប្រេងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងធ្លាក់ចុះរយៈពេល ៥សប្តាហ៍ជាប់ៗគ្នា ដោយបានធ្លាក់ចុះប្រហែល ២សែនបារ៉ែលក្នុងសប្តាហ៍នេះដល់ថ្ងៃទី៩ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕