(ប៉េកាំង)៖ ប្រទេសចិននឹងបន្តដាក់ចេញនូវគោលនយោបាយជាដំណាក់កាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តោតលើការស្តារឡើងវិញនូវការប្រើប្រាស់ និងការជំរុញការវិនិយោគ ហើយអនុវត្តគោលនយោបាយទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា កាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយថា ប្រទេសចិននឹងអនុវត្តវិធានការជាច្រើន ដើម្បីរក្សាស្ថិរភាពកំណើន ការងារ និងតម្លៃទំនិញប្រើប្រាស់។

លោកនាយករដ្ឋមន្ត្រី Li ត្រូវបានដកស្រង់សម្តីដោយវិទ្យុរដ្ឋនេះថា៖ «ប្រទេសចិននឹងជំរុញការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ដើម្បីឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ និងខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញការវិនិយោគប្រកបដោយប្រសិទ្ធភាព»

សេដ្ឋកិច្ចរបស់ប្រទេសដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានធ្លាក់ចុះនៅត្រីមាសទី២ ក្នុងឆ្នាំនេះ ក្នុងគ្រាដែលមានការរីករាលដាលជំងឺកូវីដ-១៩ និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យដែលបានកាត់បន្ថយការប្រើប្រាស់ និងសកម្មភាពរោងចក្រផលិតកម្ម។

លោក Li ក៏បាននិយាយផងដែរថា ប្រទេសចិននឹងពន្លឿនការកសាងគម្រោងសំខាន់ៗ និងបង្កើនការផ្តល់ហិរញ្ញប្បទានធនាគារគោលនយោបាយដោយផ្អែកលើតម្រូវការរបស់សេដ្ឋកិច្ចក្នុងស្រុក។

ទិន្នន័យថ្មីៗបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបាត់បង់សន្ទុះបន្ថែមទៀតនៅក្នុងខែសីហា ដោយសកម្មភាពរបស់រោងចក្របានបន្តធ្លាក់ចុះ ហើយកំណើននៃការនាំចេញបានថមថយ ខណៈដែលតម្រូវការធ្លាក់ចុះក្នុងគ្រាដែលមានការដាក់កំហិតយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនកាលពីសប្តាហ៍មុនបានប្រកាសពីជំហានបន្ថែមទៀតដើម្បីជំរុញការវិនិយោគ ដោយពង្រីកវិធានការដើម្បីជំរុញសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕