(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានថ្លែងថា ផលិតផលក្នុងស្រុកសរុបនៃតំបន់អាស៊ានត្រូវបានរំពឹងទុកថានឹងកើនឡើងពី៣.០% ក្នុងឆ្នាំ២០២១ ទៅដល់៥.០% ក្នុងឆ្នាំ២០២២ ព្រមទាំងបន្តកើនឡើងដល់ ៥.២% ក្នុងឆ្នាំ២០២៣ ដោយសារតែអាស៊ាននៅតែបន្តធានាបាននូវលំហូរដោយសេរី នូវការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មដែលចាំបាច់ទាក់ទងនឹងសន្តិសុខស្បៀង និរន្តរភាព និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់។

លោក ប៉ាន សូរស័ក្តិ ថ្លែងបែបនេះធ្វើឡើងក្នុងពិធីបើក នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានថ្លែងថា បណ្តារដ្ឋជាសមាជិកអាស៊ាន និងពិភពលោក បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ និងពីសង្គ្រាមនៅអ៊ុយក្រែន មកលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ស្របពេលដែលបញ្ហាដទៃទៀតក៏កំពុងកើតមានឡើង ជាបន្តបន្ទាប់ផងដែរ ដូចជាការងើបឡើងនូវវិធានការគាំពារនិយម និងឯកតោភាគី បម្រែបម្រួលអាកាសធាតុនិងបរិស្ថាន អន្តរកាលឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាត សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ អត្រាអតិផរណាកាន់តែកើនខ្ពស់ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលតម្រូវឱ្យអាស៊ានត្រូវមានការគិតគូរឡើងវិញអំពីក្របខណ្ឌច្បាប់ យុទ្ធសាស្ត្រ និងគោលនយោបាយនានាសំដៅស្ដារសេដ្ឋកិច្ចឡើងវិញ និងរៀបចំអាស៊ានមួយដែលអាចធ្វើដំណើរឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មតាមគន្លងថ្មី និងស្របតាម និម្មាបនកម្ម (Architecture) សេដ្ឋកិច្ចតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួល។

លោកបន្ថែមថា ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ និងឈានទៅសម្រេចបានកំណើនផលិតផលក្នុងស្រុក របស់អាស៊ានប្រកបដោយភាពធន់ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសដៃគូ នឹងធ្វើការពិភាក្សា ទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានូវក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការពន្លឿនរបៀបវារៈឌីជីថលនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការជំរុញបន្ថែមលើពាណិជ្ជកម្មក្នុងអាស៊ាននិងជាមួយដៃគូអាស៊ាន ការលើកកម្ពស់ការចូលរួមរបស់សហគ្រាស ធុនតូច និងមធ្យមនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការទប់ស្កាត់ការដាក់ចេញនូវវិធានការរបាំងមិនមែនពន្ធគយនិងបញ្ហាផ្សេងៗទៀតជាច្រើន នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ។

លោកគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ ហើយក្នុងនាមជាប្រធានអាស៊ានក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខ្ញុំបាទនិងបណ្ដាសហសេវិក ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់នឹងបន្តខិតខំជំរុញការពន្លឿននិងធ្វើសុខដុមនីយកម្ម រាល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យសំដៅ កសាងសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ពិសេស នឹងខិតខំដោះស្រាយបញ្ហានានា ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏នឹងពិភាក្សាលើសមិទ្ធផល (Deliverables) សំខាន់ៗក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងដៃគូអាស៊ានផងដែរ រួមមាន៖ ចិន កូរ៉េ ជប៉ុន អូស្ត្រាលី-នូវែលសេឡង់ ឥណ្ឌា ហុងកុង សាធារណរដ្ឋប្រជាមានិតចិន រុស្ស៊ី កាណាដា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាស៊ានបូកបី និងអាស៊ាន-អាស៊ីបូព៌ា ហើយបន្ទាប់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននឹងដាក់សមិទ្ធផលទាំងនោះជូនថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើការកត់សម្គាល់ ឬអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ៕