(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងបន្តដោះស្រាយបញ្ហា ក្តីកង្វល់ និងសំណូមពររបស់ វិស័យឯកជន ដោយមានការចូលរួមពីសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ និង ធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយពីមានភាពរអាក់រអួលអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងកម្ពុជាមានភាពសុំាសហគមន៍ពេញលេញ ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

អគ្គបណ្ឌិតសភាចារ្យបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហររវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាលលើបញ្ហាប្រឈមកង្វល់ និង សំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ និង បទប្បញ្ញាត្តិ ដែលមានជាធរមាន។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន៥ រួមមាន: ១. ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំងពាណិជ្ជកម្ម, ២. ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និងក្លែងក្លាយ), ៣.ពន្ធលើការផ្ទេរភាគហ៊ុន, ៤.សិទ្ធិផ្តាច់មុខ និងការនាំចូលយានជំនិះម៉ូដែលចុងក្រោយបំផុត ខណៈអ្នកផ្សេងទៀតកំពុងកាន់សិទ្ធិផ្តាច់មុខ និង៥. អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ។

ជាលទ្ធផល, កិច្ចប្រជុំបានដោះស្រាយបញ្ហា និងធ្វើការបំភ្លឺនានា ដែលវិស័យឯកជនបានលើកឡើង ដោយបានដាក់ចេញនូវវិធានការ យន្តការ និង ការងារបន្ទាប់ សម្រាប់ក្រសួង-ស្ថាប័នតាមសមត្ថកិច្ចរៀងខ្លួនៗ បន្តបំពេញភារកិច្ច និងសម្រេចឱ្យបាន ដែលឆ្លើយតបនឹងសំណូមពរ របស់វិស័យឯកជន ពិសេសសម្រាប់ការរៀបចំកិច្ចប្រជុំលើកក្រោយទៀត។ ផ្អែកតាមនេះ វិស័យឯកជនក៏បានឯកភាព និង បន្តសហការចូលរួមអនុវត្ត៕