(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៥.៦ពាន់លានដុល្លារអាមេរិក កើនឡើង២៦.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យដដែលនេះបង្ហាញថា ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ការនាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃ ១៥.៦ពាន់លានដុល្លារ កើនឡើង ២៦.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃ ១២.៣ពាន់លានដុល្លារ ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃ២១.៧ពាន់លានដុល្លារអាមេរិក កើនឡើង១៨.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល៨ខែនេះ កើនដល់ ៣៧.៤ពាន់លានដុល្លារ កើនឡើង២១.៥%។

ទំនិញដែលកម្ពុជានាំចេញទាំងនោះ រួមមាន សម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់ជាង ៦.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជាង ១ពាន់លានដុល្លារ, ស្បែកជើងចំនួន១ ១៨២ លានដុល្លារ, សម្ភារធ្វើពីស្បែកសត្វចំនួន ១ ៣៥៣លានដុល្លារ, យានក្រៅពីអយស្ម័យយានតម្លៃ ៦៩៦លានដុល្លារ, គ្រាប់ធញ្ញជាតិ ៧៣៥លានដុល្លារ, គ្រឿងសង្ហារឹមចំនួន៧៨១លានដុល្លារ, កៅស៊ូតម្លៃ ៣០៨លានដុល្លារ, រួមនឹងផលិតផលផ្សេងទៀត ដូចជាផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភ័ណ្ឌកែច្នៃផ្សេងជាដើម។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកញ្ញានេះថា ការកើនឡើងនូវការចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយសារកម្ពុជា បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលតាមរយៈទីផ្សារទាំង១៥ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជាក្រោមអត្រាពន្ធទាប។ ជាមួយគ្នា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមាន ក៏ត្រូវបានអ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍កិច្ចព្រមព្រៀងនេះ គួរឱ្យកត់សម្គាល់ផងដែរ។

លោកបន្តថា មូលហេតុចម្បងមួយទៀត ក្រោយពេលកម្ពុជាធ្វើពិពិធកម្ម មុខទំនិញ ដែលកម្ពុជាបានទទួលពីវិធានប្រភពដើមទំនិញ វិធានអនាម័យរួមទាំងវិធានកិច្ចសម្រួលនិតិវិធីគយ បានធ្វើឱ្យការនាំចេញមានភាពងាយស្រួលជាងមុន ស្របពេលដែល កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញ ព្រមគ្នានឹងការបើកឡើងវិញនៃទីផ្សារ តំបន់នានារួមនឹងទីផ្សារចិន។ លើសពីនេះទៀត បញ្ហាដឹកជញ្ជូន និងកង្វះទូកុងតឺន័រ ដែលបង្កជាឧបសគ្គដល់ការនាំចេញរបស់កម្ពុជាកន្លងមក ត្រូវបានកាត់បន្ថយ ដោយបច្ចុប្បន្ននេះ ចំនួនកុងតឺន័រចូលមកកម្ពុជា បានគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូន ទំនិញពីទៅកាន់ទីផ្សារអន្តរជាតិ។

លោកកត់សម្គាល់បន្ថែមថា ស្ថិតដំណាក់កាលចាប់ពីពាក់កណ្តាលឆ្នាំ រហូតដល់ជិតចុងឆ្នាំ គឺជាពេលវេលា ដែលត្រូវប្រគល់ទំនិញឱ្យអ្នកបញ្ជាទិញ ដែលបានដាក់បញ្ជាទិញពីបណ្តារោងចក្រនានា បានជំរុញឱ្យមានការសម្រុកនាំចេញនាពេលបច្ចុប្បន្ននេះផងដែរ។

លោកគូសបញ្ជាក់បន្ថែមថា «បើតាមយើងសង្កេតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងចំណោមទំនិញដែលជាឯកទេសនីយកម្មរបស់កម្ពុជា មានដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ គ្រឿងបន្លាស់ គ្រឿងបង្គុំ ទំនិញកសិផលជាពិសេសអង្ករ យើងមានលទ្ធភាពផលិតទាន់ពេលវេលា ហេតុនេះហើយធ្វើឱ្យកេរ្តិ៍កម្ពុជា ត្រូវបានចាត់ទុកដាក់ថា ជាប្រភពនៃការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលអាចជឿទុកចិត្តបាន។ ហើយមួយគ្នានេះ យើងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងខ្សែច្រវាក់តម្លៃ ដោយសារតែឥលូវរោងចក្ររបស់យើងបានប្រើប្រាស់កម្មករជំនាញក្នុងស្រុក ហើយការផលិតរបស់យើងទាំងស្រុង ត្រូវបានធ្វើនៅក្នុងស្រុក ដែលមានការច្នៃប្រឌិត ហេតុនេះតម្លៃបន្ថែមក៏មានការកើនឡើង»

តាមអគ្គយកដ្ឋាន និងរដ្ឋាករកម្ពុជា អាមេរិក គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាទី១ ដែលបាននាំចូលទំនិញពីកម្ពុជាច្រើនជាងគេ ក្នុងតម្លៃ ៦.៤ពាន់ដុល្លារ ខណៈវៀតណាម បាននាំចូលទំនិញពីកម្ពុជាក្នុងតម្លៃ ១.៤ពាន់ដុល្លារ, ជប៉ុននាំចូលទំនិញពីកម្ពុជា ក្នុងតម្លៃ ៧៨៩លានដុល្លារ, អាលឺ្លម៉ង់ នាំចូលទំនិញពីកម្ពុជាក្នុងតម្លៃ ៧៤៧លានដុល្លារ និង ចិន ក្នុងតម្លៃ៨០៤លានដុល្លារ៕