(សៀមរាប)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន៤០.៦៧%ហើយ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា «គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន៤០.៦៧% ហើយ និងរំពឹងទុកថា នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន៧០%»

តែទោះជាការយ៉ាងនេះក្តី លោកមានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួច ជាងផែនការដែលបានរំពឹងទុក ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ដែលជាបច្ច័យអវិជ្ជមាន ដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមកាងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់ (MOA-WG) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយលោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលបានចុះទៅបំពេញបេសកកម្ម កាលពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២២។

លោកថា ក្នុងពេលចុះទៅបំពេញបេសកកម្មនោះ លោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានមានមតិផ្តាំផ្ញើ និងណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឲ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាមេរិក។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីផ្សេងៗ ជាយថាហេតុកើតឡើងទេនោះ៕